(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ ចំពោះនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា ដែលបានផ្ញើសារលិខិតជូនពរសម្តេចតេជោ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ។
សារលិខិតរបស់សម្តេចតេជោ មានខ្លឹមសារដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរដ៏កក់ក្តៅបំផុត និងសព្វសាធុការពររបស់ឯកឧត្តម ជូនខ្ញុំ ក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំសូមវាយតម្លៃខ្ពស់នូវពាក្យពេចន៍ ប្រកបដោយសមានចិត្ត និងទឹកចិត្តរបស់ ឯកឧត្តម និងសូមជូនពរ ឯកឧត្តមមានសុខភាពល្អ សុភមង្គល និងបន្តទទួលបានជោគជ័យ ជាពិសេសក្នុងការនាំយកសន្តិភាព ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
ក្នុងរយៈពេលប្រាំមួយទសវត្សរ៍កន្លងមកនេះ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដែលផ្អែកលើគ្រឹះវប្បធម៌ សាសនា និងប្រពៃណីរួមរបស់យើង ពិតជាកាន់តែរឹងមាំ។ ខ្ញុំចូលរួមតាំងចិត្តជាមួយ ឯកឧត្តម ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនយើងទាំងពីរ។
សូម ឯកឧត្តមប្រធាន ទទួលយកនូវគោរពរាប់អានដ៏ខ្ពង់ខ្ពស់សាជាថ្មី ពីខ្ញុំ»៕