(តាកែវ)៖ ប្រជាពលរដ្ឋទូទាំងស្រុកគិរីវង់ ខេត្តតាកែវ ប្រមាណ៥ពាន់នាក់ បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នៅលើសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់។
បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ជាច្រើនខែនៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជាផ្លូវការក្រោមសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។
ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។
ក្រៅពីការចូលរួមផ្ទាល់ហើយនោះ តាមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត សាលារៀន រោងចក្រសហគ្រាស និងតាមវិស័យឯកជនផងដែរ បានរៀបចំពិធីសាទរព្រមៗគ្នានាវេលាម៉ោង ៩៖៩នាទីព្រឹក អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។
នៅស្រុកគិរីវង់ ខេត្តតាកែវឯណោះវិញ ប្រជាពលរដ្ឋទូទាំងស្រុកប្រមាណជា ៥,០០០នាក់ បាននាំគ្នារៀបចំការអបអរសាទរជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនេះ។ ក្នុងពិធីដ៏សែនមានតម្លៃបងប្អូនប្រជាពលរដ្ឋបានចូលរួមរាប់ថយក្រោយ បន្ទាប់មកមានការទូងស្គរ វាយឃ្មោះ វាយធុង នៅគ្រប់ការិយាល័យ អង្គភាពជុំវិញស្រុក វត្តអារាម គ្រឹះស្ថានសាធារណ ឯកជន សាលាស្រុកគិរីវង់ ភូមិ ឃុំ ផ្សារកសិផលសុខអានទន្លាប់ និងសាលារៀននានា ដើម្បីចូលរួមអបអរសាទរការចាប់ផ្ដើមកសាងសមិទ្ធផលដ៏មានតម្លៃមហាសាលនេះ។
មិនតែប៉ុណ្ណោះដើម្បីចូលរួមអបអរសាទការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជា និងជាប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ចទាំងមូល និងទុកជាកេរ្តិ៍មរតកប្រវត្តិសាស្រ្តដល់កូនចៅជំនាន់ក្រោយរស់នៅក្រោមម្លប់នៃសន្តិភាពឱ្យកាន់តែមានភាពសប្បាយរីករាយ និងមហោឡារិកថែមទៀតនោះ រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ រៀបចំកម្មវិធីជាច្រើននៅលើសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់មានដូចជា៖ ១) ការប្រកួតកីឡាបាល់ទាត់មិត្តភាព ចំនួន៤ក្រុម, ២) ការប្រកួតកីឡាប៊ូល-ប៉េតង់ ចំនួន៤ក្រុម, ៣) ការប្រកួតកីឡាបាល់បោះនារី ចំនួន២ក្រុម, ៤) ការប្រគំតន្រ្តី, ៥) ការបង្ហោះគោម ចំនួន ៥០០គោម និង៦) ការបាញ់កាំជ្រួច អបអរសាទរយ៉ាងសប្បាយរីករាយ និងកុះករ។
ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ក៏ដូចជាខេត្តតាកែវទាំងមូល បានបង្ហាញសេចក្ដីសោមនស្សរីករាយ និងសាទរយ៉ាងក្រៃលែងចំពោះវត្តមាននៃសមិទ្ធផល «ព្រែកជីកហ្វូណនតេជោ» ព្រមជាមួយក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះគំនិតផ្ដួចដើម និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងក្រោមមគ្គុសទេសក៍ដឹកនាំប្រកបដោយភាព មោះមុត ឈ្លាសវៃ ក្លៀវក្លា ចក្ខុវិស័យប្រាកដនិយមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពិតជានាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសុខដុមរមនា ត្រជាក់ត្រជុំ ពោរពេញដោយសុខសន្តិភាព និងភាពរីកចម្រើនទៅមុខជារៀងដរាប៕