(ភ្នំពេញ)៖ ក្រុមហ៊ុន កូហ្សេតែល (អនឡាញ) និងក្រុមហ៊ុនជាដៃគូ បានរៀបចំកម្មវិធីអបអរសាទរ ពិធីបើកសម្ពោធការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីដែលបានរៀបចំឡើង នៅការិយាល័យកណ្ដាល មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ជិត ៥០០នាក់ ព្រមទាំងមានការប្រារព្ធពិធីអបអរសាទរដែលរៀបចំឡើងនៅតាមសាខារបស់ក្រុមហ៊ុននៅតាមបណ្ដាខេត្តក្រុងនានា បានរួមគ្នាទូងស្គរជ័យ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោង ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា ក្នុងយុគសម័យសន្តិភាព ដែលនឹងផ្តល់ឧត្តមប្រយោជន៍យ៉ាងមហាសាលជូនប្រជាជនកម្ពុជា។ ផ្លូវទឹកជាសសៃឈាមសេដ្ឋកិច្ចទី១ លើវិស័យគមនាគមន៍ផ្សេងៗ ព្រែកជីកហ្វូណនតេជោ ជាលំហូរនៃការអភិវឌ្ឍថ្មីបែបទំនើប ដែលនឹងជំរុញចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង៕