(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋានខណ្ឌដូនពេញ បានបន្ដឃាត់ខ្លួនជនបរទេស២២នាក់ ក្នុងនោះជនជាតិវៀតណាម២១នាក់ និងជនជាតិអាមេរិកម្នាក់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលបានចូលមករស់នៅ និងធ្វើការដោយគ្មានការអនុញ្ញាតិ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការណែនាំផ្ទាល់ពី នាយកឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយការឃាត់ខ្លួននេះ ធ្វើឡើងនៅ៥ទីតាំងផ្សេងគ្នា តាមបណ្ដោយផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងនោះកម្លាំងជំនាញឃាត់ខ្លួនបានជនជាតិវៀតណាម២១នាក់ ដែលបានចូលមករស់នៅ និងធ្វើការដោយគ្មានខុស នៅក្នុងហាងកាហ្វេ ហាងបោកអ៊ុត ហាងកាត់ដេរ ហាងលក់គុយទាវ និងតាបប៊ីយែរ។
លោកឧត្តមសេនីយ៍ទោបន្ដថា ចំណែកជនជាតិអាមេរិក ដែលបានឃាត់ខ្លួននេះ គីស្នាក់នៅដោយទិដ្ឋាការហួសការកំណត់៣ខែ។ បច្ចុប្បន្នជនបរទេស ដែលបានឃាត់ខ្លួនខាងលើ បញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដ៕