(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះមូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដានីតិសម្បទា អប់រំ និងសុខាភិបាល នៅកម្ពុជា។
ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុឱកាសអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា ដោយកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ៕
ក្នុងឱកាសនៃជំនួបនោះ លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។
ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រយៈពេលជាង៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ព្រមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាល ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាល ដល់និស្សិតបរទេសមួយចំនួន ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ៕