(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រយៈពេល១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បង្ក្រាបករណីគ្រឿងញៀនទូទាំងរាជធានីភ្នំពេញបាន៤១ករណី ឃាត់ខ្លួនបានជនសង្ស័យ៩៩នាក់ ស្រី៥នាក់ ដកហូតបានថ្នាំញៀនសរុប ១៧៥កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។
ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅ ទី១-ខណ្ឌជ្រោយចង្វារ ១០ករណី ទី២-ខណ្ឌទួលគោក ៦ករណី ទី៣-ខណ្ឌពោធិ៍សែនជ័យ ៥ករណី ទី៤-ខណ្ឌសែនសុខ ៧ករណី ទី៥-ខណ្ឌព្រែកព្នៅ ២ករណី ទី៦-ខណ្ឌដូនពេញ ២ករណី ទី៧-ខណ្ឌដង្កោ៣ករណី ទី៨-ខណ្ឌច្បារអំពៅ ២ករណី ទី៩-ខណ្ឌឬស្សីកែវ ១ករណី ទី១០-ខណ្ឌមានជ័យ ១ករណី និងទី១១-ការិយាល័យប្រឆាំងគ្រឿងញៀន ២ករណី ផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា «យើងរួមគ្នាអភិវឌ្ឍន៍ខ្លួនយើង សហគមន៍យើង ដោយគ្មានគ្រឿងញៀន ទោះបីជាបទល្មើសគ្រឿងញៀនសមត្ថិកិច្ច បាននឹងកំពុងបង្ក្រាបជាច្រើនករណីក៏ដោយ ក៏ប៉ុន្តែបញ្ហាគ្រឿងញៀន នៅតែជាកង្វល់របស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យយើងប្តេជ្ញាចូលរួមទប់ស្កាត់ និងបង្ការទាំងអស់គ្នា»៕