(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាសមិទ្ធផលដ៏ធំធេងក្នុងប្រវត្តិសាស្ត្រ ដែលបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់។
តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា «បើកការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលថ្មីដ៏ធំធេងចានៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស កម្ពុជាដែលបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរនៅគ្រប់ៗជំនាន់ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ជាពិសេសជួយ លើកស្ទួយជីវភាពរបស់បងប្អូនខ្មែរឱ្យកាន់តែចម្រុងចម្រើនបន្ថែមទៀត លើសពីនេះទៅទៀតព្រែកជីកហ្វូណនតេជោនឹងជួយទៅដល់បងប្អូនប្រជាកសិករខ្មែរគ្រប់ៗរូបឱ្យមានជីវភាពថ្មីក្នុងវិស័យកសិកម្មនៅទូទាំងប្រទេសកម្ពុជាយើងផងដែរ»។
គណបក្សយុវជនកម្ពុជា បានអះអាងថា ខ្លួនមិនរុញរាក្នុងការគាំទ្រការជីកនិងបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ ដោយសារតែព្រែកជីកហ្វូណនតេជោ គឺនឹងក្លាយជាខឿនសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់បងប្អូនខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ក្នុងន័យនេះដែរ គណបក្សយុវជនកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាប្រុសស្រីខ្មែរគ្រប់រូប គ្រប់និន្នាការនយោបាយ ចូលរួមអបអរសាទរការជីកនិងបើកការដ្ឋានព្រែកជីកហ្វូណនតេជោឱ្យបានគ្រប់ៗគ្នាដើម្បីប្រយោជន៍ជាតិខ្មែរទាំងមូល។
សូមបញ្ជាក់ថា «គម្រោងព្រែកជីកហ្វូណនតេជោ» ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ដែលចំនឹងខួបចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំរបស់ សម្តេចតេជោ ហ៊ុន សែន។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕