(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន អាយអិនជី ហូលឌីង បានប្រារព្ធពិធីអបអរសាទរការបើកដំណើរការការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY)។
ពិធីនេះ ដឹកនាំផ្ទាល់ដោយលោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន និងមានការចូលរួមពីគណៈគ្រប់គ្រង និយោជិតគ្រប់ជាន់ថ្នាក់នៅទីស្នាក់ការកណ្តាល រួមជាមួយក្រុមហ៊ុនញាតិសម្ព័ន្ធសរុបជិត ៣០០នាក់។
លោក អ៉ឹង ស៊ីវខូវ បានលើកឡើងថា ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់បំផុតពីអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន លោកបានដឹកនាំនិយោជិតគ្រប់ជាន់ថ្នាក់ រៀបចំពិធីអបអរសាទរការបើកដំណើរការការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានអធិកអធម ក្នុងនោះមានទូងស្គរចំនួន ៩ស្គរ និងស្គរដៃជាច្រើន រួមនិងការបង្ហោះប៉េងប៉ោងចំនួន៩០៩ ដែលមានភ្ជាប់ពាក្យស្លោកថា «គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ។
លោកបានបន្ថែមទៀតថា «វត្តមានយើងទាំងអស់គ្នា គឺជាសក្ខីភាពនៃការគាំទ្រ និងចូលរួមពីវិស័យឯកជនក្នុងការអបអរសាទរចំពោះការចាប់ផ្តើមការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានតម្លៃវិសេសវិសាល ជានិមិត្តរូប និងជាហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រសម្រាប់សេដ្ឋកិច្ចជាតិ ដែលប្រជាជនកម្ពុជាយើងទំាងអស់គ្នានឹងចងចាំជានិច្ច»។
ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន ព្រែកជីកហ្វូណនតេជោ បានក្លាយជាមរតកប្រវត្តិសាស្រ្តដ៏ធំមួយរបស់កម្ពុជា តាមលំនាំនៃកេរ្តិ៍តំណែលមរតកពីបុព្វបុរសនៃយើង។ ហេតុនេះហើយការកំណត់យកកាលបរិច្ឆេទបើកការដ្ឋានសាងសង់ថ្ងៃទី០៥ ខែសីហា ចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គឺញ៉ាំងឱ្យឃើញយ៉ាងប្រត្យក្សនូវនិមិត្តរូបដ៏ថ្លៃថ្លានៃសមិទ្ធផលជាកេរ្តិ៍តំណែលចុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ដ៏រុងរឿងឧត្តុង្គឧត្តមប្រកបដោយសន្តិភាព និងឯកភាពទឹកដីដ៏ពេញលេញ។
ព្រែកជីកហ្វូណនតេជោនឹងលើកកំពស់ស្វ័យភាពសេដ្ឋកិច្ចកម្ពុជា នឹងផ្ដល់អត្ថប្រយោជន៍លើវិស័យជាច្រើនដូចជា វិស័យដឹកជញ្ជូន ទេសចរណ៍ កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម អចលនទ្រព្យ និងការវិនិយោគ មានជាអាទិ៍ការបង្កើតតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ និងមជ្ឈមណ្ឌលភស្តភារកម្មជាដើម។ ជាពិសេសការតភ្ជាប់ផ្លូវនាវាចរណ៍យុទ្ធសាស្ត្រពីភ្នំពេញទៅសមុទ្រ នៃខេត្តកែប តាមខេត្តកណ្តាល និងតាកែវ ដោយពុំចាំបាច់ត្រូវឆ្លងកាត់តាមផែអន្តរជាតិនៃប្រទេសវៀតណាមដូចមុនទៀត។
ស្ថានភាពនេះ នឹងជួយលើកកម្ពស់បរិយាកាសវិនិយោគ ផលិតកម្ម និងការនាំចេញ ជាមួយនឹងគុណសម្បត្តិប្រកួតប្រជែងថ្មី ក្នុងនោះការចំណាយនឹងត្រូវកាត់បន្ថយ ពេលវេលានៃការធ្វើដំណើររបស់នាវាដឹកទំនិញរួមខ្លីជាងមុន និងការបំពេញបែបបទដឹកទំនិញមានប្រសិទ្ធភាពជាងមុនជាដើម ព្រែកជីកនេះ នឹងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព។
គណៈគ្រប់គ្រង និងនិយោជិតគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន អាយអិនជី ហូលឌីង និងក្រុមហ៊ុនញាតិសម្ព័ន្ធ ពិតជាមានសេចក្តីរំភើបរីករាយឥតឧបមា និងប្រកាសគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោនាថ្ងៃនេះ៕