(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ត្រូវធ្វើការការពារខ្លួនពីសត្វពស់ចឹក ក៏ដូចជាវិធីសង្គ្រោះបឋមនៅពេលសត្វពស់ចឹក ដើម្បីជៀសសវាងការរងគ្រោះថ្នាក់ផ្សេង។

នៅក្នុងសេចក្តីណែនាំរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីការពារបានពីសត្វពស់ចឹក ក៏ដូចជាវិធីសង្គ្រោះបឋមសត្វពស់ចឹក សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំដូចខាងក្រោម៖

១៖ វិធីការពារពស់ចឹក៖

*សូមពិនិត្យឱ្យបានច្បាស់លាស់មុនទៅកាន់កន្លែងដែលគិតថាមានសុវត្ថិភាពពីសត្វពស់ឫអសិរពិសផ្សេងៗ និងត្រូវធ្វើការពិនិត្យគំនរអុស គំនរឈើ គំនរសម្រាម ឫគំនរថ្ម ជាពិសេសមានស្មៅស៊ុបទ្រុបនៅជុំវិញ។
*សូមស្លៀកខោជើងវែង អាវដៃវែង និងស្បែកជើងកវែងនៅពេលធ្វើដំណើរពេលយប់ដោយថ្មើរជើង ឫទៅស្រែចំការឫចូលព្រៃ និងបើអាចសូមពាក់ស្រោមដៃបន្ថែម ក្នុងពេលប្រមូលផលអនុផលព្រៃឈើ ដូចជាបោចដើមវល្លិ៍ ដងជ័រ និងដករុក្ខជាតិឱសថ។ល។ជាពិសេសនៅពេលដកផ្សិតប៉ក់ សូមប្រើវត្ថុសម្រាប់គៀសមែកឈើ ឫស្លឹកឈើដែលគ្របពីលើផ្សិតចេញ មុននឹងលីកដៃទៅបេះផ្សិត។
*សូមជៀសវៀងដាច់ខាតកុំចាប់សត្វពល់លេង ទោះបីជាស្គាល់សត្វពស់នោះក៏ដោយ។
*បើអាចសូមកុំទៅទីកន្លែងដែលបងប្អូនប្រជាពលរដ្ឋគិតថាជាទីកន្លែងដែលមានហានិភ័យខ្ពស់ចំពោះសត្វពស់ ដូចជាកន្លែងដែលមានស្មៅខ្ពស់ និងជៀសវាងការធ្វើដំណើរដោយថ្មើរជើងនៅពេលព្រលប់។

២៖ វិធីសង្គ្រោះបឋមពេលសត្វពស់ចឹក៖

*ទាក់ទងទៅភ្នាក់ងារសុខភាពដែលនៅជិតបំផុត ឫទាក់ទងភ្លាមទៅអ្នកសង្គ្រោះបន្ទាន់។
*ប្រសិនបើអាចត្រូវថតរូបពស់ពីចម្ងាយ ដើម្បីដឹងពីប្រភេទសត្វពស់ ងាយស្រួលជួយដល់ការព្យាបាល។
*មិនត្រូវលើកដាក់ឫរំកិលជនរងគ្រោះ។
*ត្រូវដាក់ជនរងគ្រោះអង្គុយឫដេកក្នុងស្ថានភាពសុវត្ថិភាពដោយអបកន្លែងរបួសឱ្យនឹង និងដាក់កន្លែងរបួសឱ្យទាបជាងក្បាល។
*ត្រូវដោះជញ្ជៀននិងនាឡិកា(ប្រសិនបើមាន)មុនពេលមុខរបសួសហើមសម្រាប់ទីកន្លែងនៃសត្វពស់ចឹកនោះ នៅនឹងដៃដែលមានពាក់ជញ្ជៀនឫនាឡិកា។
*សូមប្រញាប់ប្រញាលបញ្ជូនជនរងគ្រោះ ដោយសារសត្វពស់ចឹកមកកាន់មន្ទីរពេទ្យ មណ្ឌុលសុខភាព ដែលនៅជិតបំផុត ដោយកុំបារម្ភពីបញ្ហាគ្មានថវិកា ដើម្បីទទួលការពិនិត្យនិងព្យាបាលបានទាន់ពេលវេលា។
*នាពេលបច្ចុប្បន្ននេះ ទីតាំងមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តព្រះវិហារ មានចំនួន៤ទីតាំង ដែលអាចព្យាបាលបឋម ព្យាបាលទាំងស្រុង គឺមន្ទីរពេទ្យបង្អែក១៦មករា មន្ទីរពេទ្យបង្អែកជាំក្សាន្ត (ព្យាបាលទាំងស្រុងដោយឱសថប្រឆាំងសត្វពស់ និងឱសថផ្សេងទៀតក្នុងករណីចាំបាច់)និងមណ្ឌុលសុខភាពសម្តេចជាសុីម មណ្ឌុលសុខភាពរវៀង (ព្យាបាលបឋមដោយឱសថប្រឆាំងពិសពស់។
*មន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តព្រះវិហារ នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការសង្គ្រោះបឋមសម្រាប់សត្វពស់ចឹក ដល់មន្ត្រីសុខាភិបាលនៅតាមមណ្ឌុលសុខភាពមួយចំនួនបន្ថែមទៀត ក្នុងខេត្តព្រះវិហារ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ៖