(ត្បូងឃ្មុំ)៖ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ទូងស្គរ វាយគង គោះត្រដោក ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ ត្រង់ចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរ វាយគង ទូងស្គរជ័យ យ៉ាងក្លៀវក្លា អធិកអធម កងរំពង នៅសាលប្រជុំ(គ)សាលាខេត្ត ក្រោមអធិបតីភាពលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ពាង ណារិទ្ធ អភិបាលរង តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងសិស្សនិសិ្សតយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះ នៅវេលាម៉ោង៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ទូទាំងខេត្តត្បូងឃ្មុំ សម្លេងទូងស្គរ វាយគង គោះត្រដោក លឺកងរំពងដោយក្តីសប្បាយរីក ក្នុងការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា។
សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីអបអរដើម្បីឲ្យពលរដ្ឋរីករាយសប្បាយជួបជុំ ក្រោមម្លប់សុខសន្តិភាព ដោយមានរៀបចំការប្រគុំតន្ត្រីខ្នាតធំ តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅតំបន់បុរីរដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ ចំនួនដល់ទៅ០៧ថ្ងៃផងដែរ គឺចាប់ពីថ្ងៃទី០៥ ខែសីហានេះ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
គួររំលឹកផងដែរថា ៖ ព្រែកជីកហ្វូណនតេជោគឺជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមការអភិវឌ្ឍព្រែកជីកហ្វូណនតេជោ នេះឲ្យសម្រេចបាននាពេលអនាគត។
ព្រែកជីកហ្វូណនតេជោនេះ ជាគម្រោងផ្លូវទឹក ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន ៤ គឺ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពតនិងកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅអមព្រែកជីកនេះប្រមាណ ១លាន ៦សែននាក់។
ព្រែកជីកហ្វូណនតេជោ បានផ្តល់អត្ថប្រយោជន៍មហាសាលសម្រាប់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កើនទំហំពាណិជ្ជកម្ម អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត និងវារីប្បកម្ម បង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម ការរីកចម្រើនផ្នែកអចលនទ្រព្យ ជំរុញទិន្នផលត្រីទឹកសាប ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និងផលប្រយោជន៍ជាច្រើនទៀត៕