(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យ វាយតម្លៃ និងពន្លឿនការជួសជុល អគារសិក្សា១ខ្នង កម្ពស់២ជាន់ និងមាន២៥បន្ទប់ នៃវិទ្យាល័យពោធិ៍សាត់ ដែលមានសភាពចាស់ទ្រុឌទ្រោម «ខូចបង្ហួច និងទ្វារ ពេលរៀនទឹកសាចចូល» ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស ដែលកំពុងខ្វះខាតអគារសិក្សា។

សូមបញ្ជាក់ថា អគាសិក្សា១ខ្នង កម្ពស់២ជាន់ និងមាន២៥បន្ទប់ នៃវិទ្យាល័យពោធិ៍សាត់ គឺជាអំណោយរបស់សហរដ្ឋអាមេរិក តាំងពីអំឡុងទស្សវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ឆាល្ស៍ រេយ៍ (Charles Ray) សម្រេចធ្វើការជួសជុល និងសម្ពោធដាក់ឱ្យប្រាស់ឡើងវិញ កាលពីឆ្នាំ២០០៩ ក្រោមអធិបតីភាព លោកស្រី ខារ៉ល រ៉ដលី (Carol Rodley) អតីតឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​កម្ពុជា។

លោក ខូយ រីដា បានឱ្យដឹងថា ការចុះពិនិត្យ វាយតម្លៃ និងពន្លឿនការជួសជុល «បង្ហួច និងទ្វារ» អគារសិក្សាខាងលើ គឺធ្វើឡើងទៅតាមសំណូមពរ និងការអំពាវនាវ របស់គណៈគ្រប់គ្រងសាលា ដែលបានលើកឡើងថា អាគារសិក្សានេះពិតជាមានសភាពចាស់ទ្រុឌទ្រោម បាក់បែក ពេលរៀនទឹកសាចចូល បង្អួច និងទ្វារ ពុកផុយដោយអន្លើរៗ ដែលទាមទារចាំបាច់ធ្វើការជួសជុល ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស និងដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សានុសិស្ស ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលា ពិសេសលោក ជា ឡេងឃួន ដែលជានាយកស្តីទី នៃវិទ្យាល័យពោធិ៍សាត់ ត្រូវខិតខំដឹកនាំ គៀរគរសប្បុរសជន ក៏ដូចជាអតីតសិស្សគ្រប់ជំនាន់ និងចលនាសិស្សានុសិស្ស ឱ្យមានការចូលរួមជួសជុល ថែទាំ និងសម្អាតអគារសិក្សា ព្រមទាំងបរិវេណសាលារៀន ដើម្បីធ្វើឱ្យសាលាស្អាត មានផាសុខភាព។

ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានបន្តចុះពិនិត្យទីតាំង ត្រៀមសាងសង់អគារសិក្សា ១ខ្នង មាន៨បន្ទប់ នៃបឋមសិក្សាថ្ម៣ដុំ ក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលមានការខ្វះខាត ចាស់ទ្រុឌទ្រោម ជាអំណោយដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ និងសប្បុរសជនដ៏ទៃទៀតផងដែរ៕