(ភ្នំពេញ)៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស បានជួបជុំគ្នាអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) យល់ឃើញថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ ដែលមិនធ្លាប់មាន។ ការសាងសង់ព្រែកជីកនេះធ្វើឡើងស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន និងមានតម្រូវការដឹកជញ្ជូនតាមផ្លូវទឹកដែលមិនអាចខ្វះបាន។
លោក យ៉ោក សុទ្ធី បញ្ជាក់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោគឺជាមោទនភាពជាតិ។ មោនភាពជាតិ ដោយសារតែខឿនសេដ្ឋកិច្ចជាតិ អាស្រ័យទៅលើការដឹកជញ្ជូន ហេតុនេះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានអត្ថប្រយោជន៍សំខាន់ និងងាយស្រួលក្នុងការធ្វើចរាចរណ៍ទំនិញសេដ្ឋកិច្ច មិនលំបាកក្នុងការឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ ដែលខាតទាំងពេលវេលា សោហ៊ុយ និងអ្វីៗទាំងអស់។
នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា ៖«យើងមើល បើសិនជាយើងរត់នៅលើថ្នល់ជាតិ គឺឡានមួយកុងតឺន័រមួយ ដូច្នេះបើយើងមានព្រែកជីកហ្វូណននេះហើយ យើងមានផ្លូវគមនាគមន៍ ដែលជាប្រព័ន្ធផ្លូវទឹកឆ្លងកាត់ពីសមុទ្រ មានរយៈចម្ងាយ ១៨០គីឡូម៉ែត្រ គឺខ្លីហើយកប៉ាល់អាចដឹកកុងតឺន័របានក្នុង១ជើងរាប់រយកុងតឺន័រ ដែលចំណេញទាំងការដឹកជញ្ជូន ពេលវេលា និងចំណេញទាំងបរិស្ថាន»។
សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបានបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗដែលនឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍ដឹកជញ្ជូនផ្លូផ្លូវទឹកកាន់តែខ្លាំងបន្ថែមទៀត៕