(កណ្ដាល)៖ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និងលោកបណ្ឌិត កន សុកកាយ អភិបាលស្រុកល្វាឯម រួមជាមួយគណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង និងប្រធានយុវជន ស.ស.យ.ក ឃុំទាំងអស់ នៃស្រុកល្វាឯម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងមន្ត្រីនៅតាមមូលដ្ឋាន បានរៀបចំអបអរសាទរតាមមូលដ្ឋានរៀងៗខ្លួន ក្នុងនោះនៅតាមទីវត្តអារាម តាមបណ្ដាលសាលាទាំងអស់ក៏មានការរៀបចំដូចគ្នាផងដែរ។
លោកបណ្ឌិត កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងពីគុណតម្លៃ និងផលប្រយោជន៍យ៉ាងសម្បូរបែបនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិកើនឡើងយ៉ាងខ្លាំង និងប្រជាពលរដ្ឋទូទាំងប្រទេសនឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចមួយកម្រិតថែមទៀត។
គួរជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត។ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ។ គ្រោងនេះ ចំណាយថវិកាសរុបប្រមាណ ១,៧០០លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer) ដែលមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយតាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន ៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។
ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ហើយសម្រាប់ជម្រៅនាវា ៤,៧ម៉ែត្រ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ មានសន្ទះផ្លូវនាវាចរណ៍ ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ។
ព្រែកជីកប្រវត្តិសាស្រ្តនេះ បានផ្តល់អត្ថប្រយោជន៍លើវិស័យដឹកជញ្ជូន កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕