(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ជប៉ុន។
ក្នុងជំនួបនេះ លោក គីហារ៉ា មីណូរឹ (KIHARA Minoru) បានចូលរួមរំលែកទុក្ខចំពោះអាកាសយានិក២រូប ដែលបានពលី ក្នុងឧបទ្ទវហេតុនៅពេលបេសកកម្មហ្វឹកហ្វឺន នៅជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា និងរដ្ឋមន្រ្តីការពារជាតិជប៉ុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី «កម្ពុជា ជប៉ុន កន្លងមក ដូចតទៅ៖
ទី១៖ វិស័យនយោបាយ និងការទូតយោធា, រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ មាន១៖ កិច្ចសហប្រតិបត្តិការកងទ័ពជើងគោកទាំងពីរ, ២៖ វិស័យរក្សាសន្តិភាព, ៣៖ ការកសាងសមត្ថភាពយោធិន (ការបញ្ជូនយោធិនកម្ពុជាទៅជប៉ុន, យោធាចារ្យជប៉ុននៅកម្ពុជា) និង៤៖ ជំនួបពិភាក្សាការងារទ្វេភាគី (ជំនួបអនុរដ្ឋមន្ត្រីការពារជាតិ និងជំនួបរដ្ឋមន្ត្រី) និងពហុភាគី អាស៊ាន (Maritime security EWG Plus, ADMM PLus)។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏ថ្លែងអំណរគុណចំពោះអរគុណប្រទេសជប៉ុន ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។
ទី២៖ កិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពក្នុងការផ្លាស់ប្ដូរអនុព័ន្ឋយោធាប្រចាំប្រទេសរៀងៗខ្លួន។ កម្ពុជាស្វាគមន៍អនុព័ន្ធយោធាជប៉ុនប្រចាំកម្ពុជាឆ្នាំ២០២៥ និងភាគីកម្ពុជា បានត្រៀមខ្លួនបញ្ជូនអនុព័ន្ធយោធាកម្ពុជា ប្រចាំជប៉ុននាពេលអនាគត។ ជំរុញអនុវត្តយន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងរិះរកវិធីសាស្ត្រក្នុងការពង្រីកកាលានុភាពថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។
ទី៣៖ លំហាត់ហ្វឹកហ្វឺន រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពគ្នាក្នុងការរៀបចំលំហាត់វគ្គហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ ភាគីជប៉ុនអញ្ជើញ នាយទាហានកម្ពុជាចូលរួមសង្កេតការណ៍លំហាត់សង្គ្រោះគ្រោះមហន្តរាយនៅជប៉ុន។ ភាគីជប៉ុន សំណូមកម្ពុជាពិនិត្យលទ្ឋភាពដល់ភាគីជប៉ុន ចូលរួមក្នុងក្របខណ្ឌលំហាត់កងទ័ព៣ ប្រទេសកម្ពុជា ឡាវ វៀតណាម ដែលកម្ពុជាគ្រោងរៀបចំនៅចុងឆ្នាំ២០២៤នេះ។
ទី៤៖ វិស័យរក្សាសន្តិភាព រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព និងរបៀបវារៈ ស្ត្រី សន្តិសុខ សន្តិភាព ក្នុងកសាងសមត្ថភាពកម្ពុជា ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សហការរៀបចំគម្រោងត្រីភាគី TPP កម្ពុជា អ.ស.ប ជប៉ុន នៅឆ្នាំ២០២៥ ឱ្យទទួលបានជោគជ័យ។
និងទី៥៖ បញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។ ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្រុមការងារអាស៊ានបូក សន្តិសុនសមុទ្រ, ក្រុមការងារជំនាញអាស៊ានបូកសន្តិសុខសាយប័រ និងវិស័យផ្សេងៗ, បញ្ហាសន្តិសុខសមុទ្រចិនខាងកើត និងសមុទ្រខាងត្បូង ត្រូវលើកយកមកពិភាក្សាផងដែរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន នៅកម្ពុជា នាពេលនេះនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែរីកចម្រើនប្រសើរឡើងថែមទៀត៕