(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចចាត់តាំង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជាតំណាងបក្សប្រជាជនកម្ពុជា ដើម្បីទៅចូលរួមកិច្ចសន្ទនាពិភពលោក និងគណបក្សឆ្នាំ២០១៦ ដែលប្រារព្ធឡើង នៅប្រទេសចិនពីថ្ងៃទី១៣ដល់១៥ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។
ការសម្រេចចាត់តាំងសម្តេចក្រឡាហោម ស ខេង ទៅចូលរួមកិច្ចពិភាក្សា នៅក្នុងវេទិកាគណបក្សពិភពលោកនេះ ត្រូវបានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកមិញនេះ។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់តាំង សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស តំណាងអោយគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចសន្ទនាពិភពលោក និងគណបក្សឆ្នាំ២០១៦ “Party and World Dialogue 2016” ដែលនឹងប្រារព្ធនៅថ្ងៃទី១៣-១៥ តុលា ២០១៦ នៅទីក្រុងឆុងឈីង (Chongqing) សាធារណរដ្ឋប្រជាមានិតចិន»៕