(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅបរិវេណទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសារទរ និងគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន «គម្រោងព្រែកជីកហ្វូណនតេជោ»។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសារទរ និងគាំទ្រយ៉ាងពេញទំហឹងតាមរយៈការវាយជួង ទូងស្គរ និងវាយឃ្មោះ ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ហើយគឺជាការផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា៕