(ភ្នំពេញ)៖ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ, លោក គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន បានគោរពជូនពរសម្តេចតេជោ ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច និងចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា នាពេលខាងមុខ។
លោក គីហារ៉ា មីណូរឹ បានបង្ហាញនូវសេចក្តីរំភើបរីករាយដែល នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជាក្នុងតួនាទីជារដ្ឋមន្រ្តីការពារជាតិជប៉ុននាពេលនេះ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចតេជោ បានចំណាយពេលវេលាដ៏មានតម្លៃក្នុងថ្ងៃពិសេសនេះ ដើម្បីទទួលជួបលោក និងគណៈប្រតិភូ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏សូមយកឱកាសនេះចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារអាកាសយានិកកម្ពុជាទាំងពីររូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីពាក់កណ្តាកលខែកក្កដាកន្លងមក។
រដ្ឋមន្រ្តីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ និងស្វាគមន៍កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលើកទី៧០ កាលឆ្នាំ២០២៣កន្លងមក។ លោកជឿជាក់ថាតាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើគ្រប់វិស័យ និងជាពិសេសកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ នឹងត្រូវបានជំរុញកាន់តែប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោករដ្ឋមន្រ្តីការពារជាតិជប៉ុន ចំពោះពាក្យពេចន៍ជូនពរខួបកំណើតរបស់សម្តេច និងការអបអរសាទរចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោរបស់លោករដ្ឋមន្រ្តី ព្រមទាំងសមានចិត្តចូលរួមរំលែកមរណទុក្ខដល់ការបាត់បង់អាយុជីវិតអាកាសយានិកទាំងពីររូប ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទំនាក់ទំនងកម្ពុជា និងជប៉ុន មិនមានប្រែប្រួលឡើយ តាំងពីអតីតកាលរហូតបច្ចុប្បន្ន ជាពិសេស តាំងពីដំណាក់កាលដែលសម្តេចតេជោ ធ្វើការជាមួយនាយករដ្ឋមន្រ្តីជប៉ុនបន្តបន្ទាប់ ទាំង លោក អាបេ ស៊ីនហ្សូ និង លោក គីស៊ីដា ហ្វឹមីអូ រហូតដល់ដំណាក់កាលបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រីថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តទំនាក់ទំនងកម្ពុជា-ជប៉ុន ជាមួយនាយករដ្ឋមន្រ្តី គី ស៊ីដា ដូចមុនដដែល។
ពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណនតេជោ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយមិនអង្គុយរង់ចាំជំនួយនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយ និងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។
សម្តេចតេជោ បានស្វាគមន៍ការចូលរួមវិនិយោគ និងសហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ដែលជាកិច្ចសហការចម្រុះ មិនមានការផ្តាច់មុខនោះទេ។ ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ទៅកាន់សមុទ្រ ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័ត្ខេត្តព្រះសីហនុ ដែលកំពុងត្រូវបានពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន។
សម្តេចតេជោ ជឿជាក់ថាទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តីការពារជាតិជប៉ុន និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំង២ និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត៕