(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃប្រវត្តិសាស្រ្តរបស់កម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំពិធីទូងស្គរ នៅមុខអាគារសាលាយុត្តិធម៌ ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាថ្ងៃប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និង ជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តគម្រោងនេះ ដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ ។
ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាសក្ខីភាពនៃ ការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបាន បង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់ប្រវត្តិសាស្ត្រនៃការប្រើប្រាស់សក្តានុពល ផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពី បានបោះបង់ចោលនៅក្នុងអំឡុងសតវត្សរ៍ទី៥ ឬទី៦ នៃគ្រិស្តសករាជ ដោយសារប្រទេសជួប ប្រទះនឹងបញ្ហាសង្គ្រាមឥតឈប់ឈរ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាការតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដែលមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕