(កំពង់ឆ្នាំង)៖ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានប្រារព្ធពិធីអបអរសាទរការបើកដំណើរការការ​ដ្ឋានសាង​សង់ «ព្រែកជីកហ្វូណនតេជោ» នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ នៅស្រុកកំពង់លែង ខេត្តកំពង់​ឆ្នាំង។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៉ឹង ស៊ីវម៉េង តំណាងអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធាន​មូល​និធិ អ៉ឹង ហ្វោនដេហ្ស៊ិន ក្រុមការងារមូលនិធិ ក្រុមប្រឹក្សាស្រុកនិងរដ្ឋបាលសាលាស្រុកកំពង់លែង កង​កម្លាំង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ តាជី យាយជី ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សរុបជិត ៥០០អង្គ/នាក់ ស្របតាមការជូនដំណឹង​របស់រាជរដ្ឋា​ភិបាល​ឱ្យគ្រប់បណ្តារស្ថាប័នរដ្ឋនិងឯកជន ចូលរួមប្រារព្ធពិធីអបអរសាទរព្រែកជីកហ្វូណនតេជោនេះ អោយបានអធិកអធម ប្រកបដោយភាពសប្បាយរីករាយ។

ពិធីអបអរសាទរពិធីបើកការការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅស្រុកកំពង់លែង ត្រូវបាន​រៀប​ចំ​ឡើងដោយមានការយកចិត្តទុកដាក់បំផុតពីអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោន​ដេហ្ស៊ិន ធ្វើយ៉ាងណាឱ្យមានភាពមហោឡារិក ក្នុងគោលបំណងគាំទ្រយ៉ាងពេញទំហឹង​ចំពោះគម្រោង​ព្រែកជីកប្រវត្តិសាស្រ្តនេះ ដោយបានរៀបចំការទូងស្គរជ័យ និងគងជ័យដ៏ធំ អមដោយក្រុមភ្លេងមានស្គរ ស្នែងជ័យ ក្រុមឆៃយ៉ាំ និងការបង្ហោះប៉េងប៉ោងចំនួន ៩០៩ ដែលមានភ្ជាប់ពាក្យស្លោកថា «គាំទ្រ​គម្រោង​ព្រែកជីកហ្វូណនតេជោ»។

ការរៀបចំពិធីរបស់មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន គឺជាសក្ខីភាពនៃការគាំទ្រ និងចូលរួមពីវិស័យ​ឯកជនក្នុង​ការអបអរសាទរចំពោះការចាប់ផ្តើមការដ្ឋានសាងសង់ព្រែកជីក «ហ្វូណនតេជោ» ជាព្រែក​ជីក​ប្រវត្តិ​សាស្រ្ត​របស់កម្ពុជា ដែលមានតម្លៃវិសេសវិសាល ជានិមិត្តរូប និងជាហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រ​សម្រាប់​សេដ្ឋកិច្ចជាតិ ដែលប្រជាជនកម្ពុជាយើងទំាងអស់គ្នានឹងចងចាំជានិច្ច។

ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន ព្រែកជីកហ្វូណនតេជោ បានក្លាយជាមរតកប្រវត្តិសាស្រ្តដ៏ធំមួយរបស់កម្ពុជា តាមលំនាំនៃកេរ្តិ៍តំណែលមរតកពីបុព្វបុរសនៃយើង ហេតុនេះហើយការកំណត់យកកាលបរិច្ឆេទបើកការដ្ឋានសាងសង់ ថ្ងៃទី០៥ ខែសីហា ចំថ្ងៃខួបកំណើត​របស់សម្តេចតេជោ គឺញ៉ាំងឱ្យឃើញយ៉ាងប្រត្យក្សនូវនិមិត្តរូបដ៏ថ្លៃថ្លានៃសមិទ្ធផលជាកេរ្តិ៍តំណែលចុង​អា​ណត្តិ​របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ដ៏រុងរឿងឧត្តុង្គឧត្តមប្រកបដោយសន្តិភាព និងឯកភាពទឹកដី​ដ៏​ពេញលេញ។

ព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចកម្ពុជា នឹងផ្ដល់អត្ថប្រយោជន៍លើវិស័យ​ជា​ច្រើនដូចជា វិស័យដឹកជញ្ជូន ទេសចរណ៍ កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម អចលនទ្រព្យ និងការវិនិ​យោគ មានជាអាទិ៍ការបង្កើតតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋាន​ទេស​ចរណ៍ និងមជ្ឈមណ្ឌលភស្តភារកម្ម ជាដើម ពិសេសការតភ្ជាប់ផ្លូវនាវាចរណ៍​យុទ្ធសាស្ត្រ​ពីភ្នំពេញ​ទៅ​សមុទ្រ នៃខេត្តកែប តាមខេត្តកណ្តាល និងតាកែវ ដោយពុំចាំបាច់ត្រូវឆ្លងកាត់តាមផែអន្តរជាតិ​នៃ​ប្រទេសវៀតណាមដូចមុនទៀត។

ស្ថានភាពនេះ នឹងជួយលើកកម្ពស់បរិយាកាសវិនិយោគ ផលិតកម្ម និងការនាំចេញ ជាមួយនឹង​គុណ​សម្បត្តិប្រកួតប្រជែងថ្មី ក្នុងនោះការចំណាយនឹងត្រូវកាត់បន្ថយ ពេលវេលានៃការធ្វើដំណើរ​របស់​នាវា​ដឹកទំនិញរួមខ្លីជាងមុន និងការបំពេញបែបបទដឹកទំនិញមានប្រសិទ្ធភាពជាងមុនជាដើម ព្រែកជីក​នេះ​និងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព។

មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន រដ្ឋបាលសាលាស្រុកកំពង់លែង កងកម្លាំង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ តាជី យាយជី ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធឹ យុវជន​កាក​បាទក្រហម ពិតជាមានសេចក្តីរំភើបរីករាយឥតឧបមា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងចូលរួម​អប​អរសាទរយ៉ាងកក់ក្តៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋាន​សាងសង់ជាផ្លូវការនូវព្រែកជីកហ្វូណនតេជោនាថ្ងៃនេះ៕