(ភ្នំពេញ)៖ ប្រជាជាតិមួយអាចរឹងមាំ និងរីកចម្រើនថ្កុំថ្កើងបាន សំខាន់គឺត្រូវបណ្តុះនូវស្មារតីជាតិនិយមដែលមិនជ្រុលនិយម ប្រទេសជាតិកាលណាគ្មានស្មារតីជាតិនិយមទេ គឺស្មើនឹងប្រទេសជាតិគ្មានព្រលឹង កាលណាប្រទេសជាតិគ្មានព្រលឹង នោះជាតិសាសន៍មួយនោះនឹងបាត់បង់នូវអត្តសញ្ញាណជាតិរបស់ខ្លួន។
ខាងក្រោមនេះជាការបង្ហាញនូវទស្សនៈរបស់បេក្ខជនបណ្ឌិត សរ រិទ្ធី ជំនាញទស្សនវិជ្ជា៖
លោក សរ រិទ្ធី បានឱ្យដឹងថា ជាតិនិយម គឺជាស្រឡាញ់ជាតិ ការការពារជាតិ ការលើកសរសើរជាតិ ការឱ្យតម្លៃជាតិ ការគោរពជាតិ ការលះបង់ដើម្បីជាតិ ការលើកតម្កើងជាតិ ការរួបរួមសាមគ្គីជាតិ ពេញចិត្តនឹងជាតិ ចង់ឱ្យជាតិរុងរឿងថ្កុំថ្កើង។ តាមពិតទៅ សត្រូវនៅខាងក្រៅមិនគួរឱ្យខ្លាចនោះទេ អ្វីដែលខ្លាចបំផុតនោះគឺ យើងបែកបាក់សាមគ្គីគ្នា ជាពិសេសបាត់បង់ស្មារតីជាតិនិយមនេះតែម្តង។ កាលណាយើងបែងបែកគ្នា បាត់បង់នូវស្មារតីជាតិនិយម នោះយើងធ្លាក់ទៅក្នុងហាយនភាព ដោយខ្លួនឯងជាមិនខាន។
តើយើងត្រូវបណ្តុះស្មារតីជាតិនិយមដោយវិធីសាស្រ្តណា? លោក សរ រិទ្ធី បានបង្ហាញនូវវិធីសាស្រ្តទាំង៥យ៉ាង ក្នុងការចូលរួមចំណែកក្នុងការបណ្តុះស្មារតីជាតិនិយម៖
ចំណុចទី១៖ យើងត្រូវសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តជាតិរបស់ខ្លួន ស្គាល់អំពីប្រភពកំណើត និងស្នាដៃរបស់បុព្វបុរសរបស់ខ្លួនដែលបន្សល់ទុកមកឱ្យបានច្បាស់លាស់។ និងសិក្សារៀនសូត្រពីបទពិសោធន៍ប្រវត្តិសាស្រ្ត និងការលំបាកដែលជាតិជួបប្រទះក្នុងអតីតកាល ដើម្បីរៀបចំយុទ្ធសាស្រ្ត និងផែនការការពារ សម្រាប់ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងតទៅអនាគត។
ចំណុចទី២៖ បង្ហាញឆន្ទៈក្នុងការសិក្សារៀនសូត្រអំពីវប្បធម៌ ដោយការស្រលាញ់ និងចូលរួមថែរក្សាវប្បធម៌ប្រពៃណី ជាតិសាសន៍របស់ខ្លួន។ នេះជារឿងសំខាន់ណាស់ ព្រោះវាដើម្បីបង្ហាញថា អ្នកពិតជាស្រឡាញ់ប្រទេសរបស់អ្នក និងដឹងគុណចំពោះបុព្វបុរសរបស់ខ្លួន ដោយបន្តចូលរួមថែរក្សានូវវប្បធម៌ប្រពៃណីប្រជាជាតិរបស់ខ្លួនឱ្យបានគង់វង្ស។
ចំណុចទី៣៖ គោរពភ្លេងជាតិ និងទង់ជាតិ ហើយច្រៀងដោយមោទនៈ ត្រូវប្រាកដថា យើងពិតជាបានយល់អំពីខ្លឹមសារអត្ថន័យនៅក្នុងបទចម្រៀងជាតិទាំងមូល។ ភ្លេងជាតិ គឺជានិមិត្តតែមួយគត់ដែលប្រទេសនានាក្នុងពិភពលោកមានរៀងៗខ្លួន ហើយប្រសិនបើ អ្នកច្រៀងមិនត្រឹមត្រូវ ឬមិនចេះច្រៀង នោះវានឹងបង្ហាញថា អ្នកគឺជាមនុស្សខ្ជីខ្ជារ មិនយកចិត្តទុកដាក់ចំពោះប្រទេសជាតិរបស់ខ្លួនឯងឡើយ។
ចំណុចទី៤៖ រៀននិយាយភាសា និងសរសេរអក្សរជាតិខ្លួនឯងឱ្យច្បាស់លាស់ ដ្បិតភាសាអង់គ្លេស និងភាសាចិន គឺជាភាសាដែលលេចធ្លោ និងពេញនិយមប្រើប្រាស់ក៏ដោយ ក៏អ្នកមិនត្រូវភ្លេចភាសាកំណើតរបស់ឯងឡើយ។ ភាសារបស់អ្នក គឺទុកសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសរបស់អ្នក ជាមួយនឹងជនជាតិរបស់អ្នក វាមានលក្ខណៈពិសេសណាស់ វាមានលក្ខណៈប្លែកៗគ្នាទៅតាមបណ្តាប្រទេសនីមួយៗ ហើយវាជាអត្តសញ្ញាណរបស់ជាតិសាសន៍របស់អ្នក។
ចំណុចទី៥៖ យើងត្រូវគោរព កោតសរសើរ ផ្តល់តម្លៃ លើកកម្ពស់ និងគាំទ្រនូវអ្វីដែលផលិតផល និងជាស្នាដៃរបស់ប្រទេសជាតិដែលធ្វើបាន ហើយជួយផ្សព្វផ្សាយ និងចែករំលែកវាទៅកាន់អ្នកដទៃ និងពិភពលោក។ យើងត្រូវតែមានមោទនភាពនូវអ្វីដែលជាតិយើងមានដូចជា៖ ផលិតផលប្រើប្រាស់ ព័ត៌មានប្រពៃណី វប្បធម៌ កេរតំណែលដូនតា សិល្បៈ តូរ្យតន្រ្តី ភាពយន្ត ចម្រៀង តំបន់ទេសចរណ៍ ស្នាដៃនៃការស្រាវជ្រាវ សៀវភៅបោះពុម្ពផ្សព្វផ្សាយពីប្រទេសជាតិរបស់ខ្លួនជាច្រើនទៀត។ ទាំងនេះជាអ្វីដែលយើងអាចចែករំលែក និងជួយផ្សព្វផ្សាយទៅកាន់អ្នកដ៏ទៃ និងពិភពលោក ដើម្បីឱ្យពួកគេកាន់តែស្គាល់ប្រទេសជាតិយើង ទូលំទូលាយ និងច្រើនឡើងថែមទៀត។
លោក សរ រិទ្ធី បានបន្តទៀតថា ចំណុចទាំង៥ខាងលើ គឺត្រូវអប់រំបណ្តុះបណ្តាល ទៅកាន់សិស្សានុសិស្ស ប្រជាពលរដ្ឋយើងគ្រប់ស្រទាប់វណ្ណៈ ដោយការលើកកម្ពស់ ស្មារតីជាតិនិយម តាមរយៈវប្បធម៌អប់រំ រិះគន់ស្ថាបនា ប្រសើរជាងវប្បធម៌ជ្រុលនិយម តាមរបៀបជេរប្រទេចផ្តាសា រិះគន់ជាន់ពន្លិច និងប្រមាថជាតិសាសន៍ខ្លួនឯង។ បើយើងមិនគោរព និងឱ្យតម្លៃជាតិសាសន៍ខ្លួនឯងទេ តើឱ្យជាតិសាសន៍ណាគេមកគោរព និងឱ្យតម្លៃជាតិសាសន៍យើងទៅ៕