(ភ្នំពេញ)៖ នៅវេលាម៉ោង ១០៖៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញានេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជា្ជជីវៈ បានដឹកនាំប្រតិភូចុះមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កម្ពុជា វិញហើយ បន្ទាប់ពីចូលរួមក្នុងពិធីដាក់ឱ្យដំណើរការ គំនិតផ្ដួចផ្ដើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក អស់រយៈពេល៥ថ្ងៃ រួចមក។
ក្នុងឱកាសដំណើរទស្សនកិច្ចនោះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានចូលរួមអបអរសាទរ និងគាំទ្រនូវ គំនិតផ្ដួចផ្ដើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) ផងដែរ ដើម្បីអនុវត្តគោលដៅទី៨ ស្ដីពី ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការងារសមរម្យ និងពង្រឹងផលិតភាព។
ក្រសួងការងារបានឱ្យដឹងថា គំនិតផ្ដួចផ្ដើមនេះ ស្របនឹងគោលនយោបាយជាតិស្ដីពី មុខរបរនិងការងារ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដើម្បីសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ៕