(ក្រចេះ)៖ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះនិងជាព្រះចៅអធិការវត្តព្រះ វិហារធំសសរ១០០ ដឹកនាំសហការីមន្ត្រីសង្ឃ និងទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តវត្ត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូជាច្រើនអង្គ/នាក់ ប្រារព្ធពិធីទូងស្គរ វាយរគាំងចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា មានថេរដីកាថា នៅក្នុងមូលដ្ឋានស្រុកសំបូរ បច្ចុប្បន្ននេះមានវត្តអារាមចំនួន២៧វត្ត ហើយវត្តនីមួយៗក៏បានរៀបចំពិធីអបអរសាទរតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងបានផ្សព្វផ្សាយបន្តទៅដល់ព្រះចៅអធិការគណៈកម្មការវត្តទាំងអស់ និងបានអនុវត្តចូលរួមការអបអរសាទរមានការរៀបចំស្គរ អាគាំង គង ទៅតាមមធ្យោបាយដែលអាចធ្វើទៅបាន។
ជាមួយគ្នានោះដែរ បើតាមការសង្កេតឃើញមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋមានការរីករាយ និងពេញចិត្តក្នុងការចូល រួម ជាពិសេសសម្រាប់មន្ត្រីសង្ឃ ព្រះគ្រូអធិការវត្ត និងគណៈកម្មាធិការទូទាំងស្រុកសំបូរ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។
«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕