(ភ្នំពេញ)៖ ការបង្ហាញមុខក្រុមជនដៃដល់ និងបក្ខពួកចំនួន៨នាក់ ដែលពាក់ព័ន្ធករណីបោកគ្រាប់បែកនៅខណ្ឌចំការមន បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយករណីខាងលើត្រូវបាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ផ្តើមចេញពីរឿងគំនុំ។
នាយឧត្តមសេនៅយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះមានមេក្លោងជាស្រ្តីឈ្មោះ សុខ គឹមលី អាយុ៤១ឆ្នាំ និងបក្ខពួកបានធ្វើសកម្មភាព ចង់សម្លាប់ជនរងគ្រោះ ឈ្មោះ អៀ គឹមហួរ ដោយលើកទី១ មានគ្នា៤នាក់ ប្រើអាវុធខ្លីកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ តែមិនបាន សម្រច។
ក្រោយមកទើបនៅថ្ងៃទី៦ ខែកញ្ញ ឆ្នាំ២០១៦ បានឲ្យបក្ខពួក៤នាក់ទៀត ធ្វើសកម្មភាពបោកគ្រាប់បែកម្តងទៀត តែមិនបណ្តាលឲ្យ ជនរងគ្រោះ ស្លាប់ ក៏ត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមបង្ក្រាប ទាំង៨នាក់តែម្តង។
សូមជំរាបថា នៅម៉ោង៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមានការបំផ្ទុះគ្រាប់បែក មួយគ្រាប់បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្បែរនោះខូចខាតផងដែរ។
សម្រាប់ជនដៃដល់ និងបក្ខពួកទាំង៨នាក់ ត្រូវបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕