(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផលផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិកធុរកិច្ចជលផលពាក់ព័ន្ធ ដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិរួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះ និងទទួលបានលេខកូដសម្គាល់អនុម័តសម្រាប់នាំចេញ។

ការធានាបានសុចរិតភាព និងសុវត្ថិភាពផលផលិតផលជលផលគឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល ក្រោមជំនួយបច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។

បើតាមការបញ្ជាក់របស់ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាលជលផល បានថ្លែងថា៖ «ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុកការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា ចិន អូស្រ្តាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត»

ឈរលើជំហរមុតម៉ាំនេះ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់ (MOU) ឬ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះ ដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឲ្យកាន់តែទូលំទូលាយ។ កិច្ចការនេះទាមទារឱ្យអាជ្ញាធរមានសមត្ថភាពផ្នែកជលផល (FCA) ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ធានាថាផលិតផលជលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យ និងសុវត្ថិភាពគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។

ទន្ទឹមនឹងនេះ អគ្គនាយករដ្ឋបាលជលផល បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ រដ្ឋបាលជលផលបានដាក់ចេញ «គោលការណ៍ណែនាំពីលក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់ការត្រួតពិនិត្យ និងអធិការកិច្ចគុណភាព និងសុវត្ថិភាពផលផលិតផលជលផល» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បម្រើដល់ការនាំចេញ។

ជាមួយគ្នានេះដែរ ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការ UNIDO បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានមានប្រសាសន៍ថាការចង្អុលបង្ហាញរបស់ឯកសារនេះ គឺផ្នែកតាមគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែចំពោះសហគ្រាស និងអាជីវកម្មដែលមានគោលបំណងនាំចេញផលផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារមានសក្តានុពលមួយចំនួនទៀត តម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនេះដាច់ខាត។

លោកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព បានលើកឡើងថាអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA) បានកំពុងត្រៀមលក្ខណៈសម្រាប់ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់សហភាពអឺរ៉ុប ដោយរដ្ឋបាលជលផលបានដាក់លិខិតស្នើសុំផ្លូវការ និងឯកសារតម្រូវផ្នែកបច្ចេកទេសរួចរាល់ហើយផងដែរ។

ជាថ្មីម្ដងទៀត លោក ពុំ សុថា អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផល ដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់នាំចេញ។ នីតិវិធីមានលក្ខណៈស្មុគស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបានជោគជ័យក្រោយការធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពី DG-SANTE កម្ពុជាមានលទ្ធភាពច្រើនដើម្បីចរចារបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។ ការទទួលស្គាល់របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាពមួយរបស់កម្ពុជា ក្នុងការរកទីផ្សារក្រៅស្រុក និងទាក់ទាញការវិនិយោគបន្ថែមសម្រាប់អនុវិស័យជលផលក្រោយប្រមូលផល នេះបើតាមការពន្យល់បន្ថែមរបស់ឯកឧត្តម។
អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA) នឹងស្នើសុំឱ្យ DG SANTE ចុះមកវាយតម្លៃផ្ទៀងផ្ទាត់ ដើម្បីចុះឈ្មោះប្រទេសកម្ពុជាជាមួយផលិតផលជលផលដែលមានហានិភ័យទាបដូចជាទឹកត្រី ប្រហុក និងត្រីងៀតដែលកែច្នៃចេញពីផលចាប់ធម្មជាតិទឹកសាប៕