(ភ្នំពេញ)៖ ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានមនោសញ្ចេតនារំភើបរីករាយ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានជួបជុំគ្នាដោយទឹកមុខសប្បាយរីករាយ បង្ហាញនូវការចូលរួមគាំទ្រយ៉ាងក្លៀវក្លា អបអរសាទរសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។
ពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងនេះនិងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេស គឺជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប»។
គម្រោងនេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានជាអាទិភាពក្នុងការទាក់ទាញការវិនិយោគនិងការអភិវឌ្ឍ លើវិស័យដឹកជញ្ជូនពហុមធ្យោបាយតាមផ្លូវទឹក ទន្លេ សមុទ្រ និងកំពង់ផែ ការបង្កើតបាននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម ការអភិវឌ្ឍផែរណ៍បថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ជួយបង្កើតប្រភពត្រីទឹកសាបនៅតាមព្រែកប្រឡាយនានានិងអេកូទេសចរណ៍ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយក៏ជាប្រភពផ្គត់ផ្គង់ទឹកនិងជួយរំដោះទឹកជំនន់នៅតាមបណ្តាខេត្តភាគទិសនិរតី យ៉ាងមានប្រសិទ្ធភាពផងដែរ៕