(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិសាងសង់វិមានឈ្នះឈ្នះ បានចាត់ទុកការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់បម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព ខណៈដែលអ្នកបន្តវេនជំនាន់ក្រោយក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនធ្វើឱ្យជំនាន់មុនខកបំណងចំពោះការលះបង់គ្រប់បែបយ៉ាងរហូតធ្វើឱ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ។
ក្នុងឱកាសផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ នៅបរិវេណវិមានឈ្នះឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នេះជាមោទនភាព ជាប្រវត្តិសាស្ត្រសម្រាប់ជាតិសាសន៍ខ្មែរ ហើយព្រឹត្តិការណ៍មហាអស្ចារ្យនេះ មហាជនបានពន្លឺសំឡេងអបអរសាទរ យ៉ាងក្លៀវក្លា ដើម្បីបញ្ជាក់ឱ្យឃើញពីភាពជោគជ័យ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រែកជីកហ្វូណនតេជោនេះ គឺជាភាពដ៏អស្ចារ្យមួយសម្រាប់ជាតិសាសន៍យើង ដែលពីបុរាណមកបានត្រួសត្រាយរួចមកហើយ ក្នុងជំនាន់យើងដែលទទួលបានសន្តិភាព ការឯកភាពជាតិពេញលេញនេះ បានដំណើរការដោយស្មោះត្រង់ជាទីបំផុត ដោយការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងទាំងអស់មកដល់ថ្ងៃនេះ ភាពជាក់ស្តែងបានលេចឡើងហើយ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា តាមរយៈសមិទ្ធផលជាប្រវត្តិសាស្ត្រនេះបានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងជាតិសាសន៍ដទៃទៀតនៅលើពិភពលោកបានមើលឃើញពីការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តកិច្ចការងារបន្សល់ទុកពីរាជរដ្ឋាភិបាលអាណត្តិមុនបានយ៉ាងរលូន។
«នេះជាសំណង់ប្រវត្តិសាស្ត្រ បង្ហាញអំពីជាតិសាស្ត្ររបស់យើងតទៅថ្ងៃមុខ ឱ្យឃើញច្បាស់ថាការខិតខំពីដូនតារបស់យើង មិនសាបសូន្យទេ យើងជំនាន់នេះ បានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ គ្រប់បែបយ៉ាងទាំងអស់ ពេលដែលយើងបានសុខសន្តិភាព យើងមានលទ្ធភាពនេះ យើងបានបំពេញភារកិច្ចនេះហើយ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បានបង្ហាញថាជាតិសាសន៍ខ្មែរអាច បង្កើតស្នាដៃថ្មីបានហើយ ព្យុះសង្ឃរា ដែលបានបានបោកបក់មកលើប្រទេសកម្ពុជា ត្រូវបានវីរៈជន អ្នកស្នេហាជាតិខ្មែរ ដ៏ច្រើនលើសលុប បានពុះពារ ត្រួសត្រាយ រុញច្រានកិច្ចលំបាកទាំងឡាយឱ្យរសាត់ចេញពីកម្ពុជា ជាបន្តបន្ទាប់ ហើយបានលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។ តាមរយៈការឯកភាព សាមគ្គីភាព ចិត្តមួយ ថ្លើមមួយ ធ្វើឱ្យកម្ពុជា អាចជម្នះឧបគ្គនានាទោះបីលំបាកយ៉ាងណាក៏ដោយ។
គួរជម្រាបថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង៩៖០៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈក្រសួង ស្ថាប័ន អង្គភាព មន្ទីរ រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន វត្តអារាម ស្ថាប័នឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ក៏បានចូលរួមអបអរសាទរចំពោះគម្រោងដ៏ធំនេះផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម។
ព្រែកជីកហ្វូណនតេជោនេះមានមានប្រវែង១៨០គីឡូម៉ែត្រ ជម្រៅ៥.៤ម៉ែត្រ (ក្រោមទឹក) មុខលើ១០០ម៉ែត្រ បាតក្រោម៨០ម៉ែត្រ ដែលត្រូវចំណាយប្រាក់១,៧០០លានដុល្លារ ឆ្លងកាត់ខេត្តចំនួន៤ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ក្នុងនោះមានផ្លូវអមសងខាងប្រវែង២០៨គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទ្វារទឹក៣កន្លែង ស្ពាន១១ និងប្រើប្រាស់រយៈពេលសាងសង់៤ឆ្នាំ ឬ៤៨ខែ៕