(ភ្នំពេញ)៖ គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីអបអរសាទរការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ ដែលត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជាការពិតណាស់ គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម។

ព្រែកជីកហ្វូណនតេជោនេះមានមានប្រវែង១៨០គីឡូម៉ែត្រ ជម្រៅ៥.៤ម៉ែត្រ (ក្រោមទឹក) ដែលត្រូវចំណាយប្រាក់សាងសង់១,៧០០លានដុល្លារ ឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ក្នុងនោះមានផ្លូវអមសងខាងប្រវែង២០៨គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទៅសមុទ្រខេត្តកែប ដែលមានទ្វារទឹក៣កន្លែង និងស្ពាន១១។ ចំណែករយៈពេលសាងសង់គឺ៤ឆ្នាំ ឬ៤៨ខែ៕