(ភ្នំពេញ)៖ ដើម្បីជំរុញការគាំទ្រឱ្យកាន់តែខ្លាំងក្លាផុលផុស ប្រកបដោយភាពអធិកអធម ចំពោះគម្រោងព្រែកជីកហ្វូណនតេជោពីសំណាក់ប្រជាជនខ្មែរគ្រប់ៗរូបទាំងក្នុង និងក្រៅប្រទេស លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំបុគ្គលិកក្រោមឱវាទទាំងអស់ ចូលរួមអបអរសាទរពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃចន្ទទី៥ ខែសីហា ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកបណ្ឌិត កៅ ថាច ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB មានសេចក្តីរំភើបសប្បាយរីករាយ ប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងស្មារតីគម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏មហិមា «ព្រែកជីកហ្វូណនតេជោ» ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា និងប្រជាជនខ្មែរគ្រប់រូប ពិសេសទុកជាមរតកប្រវត្តិសាស្រ្តដល់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។
នាវេលាម៉ោង៩៖០៩នាទី លោកបណ្ឌិត កៅ ថាច បានចាប់ផ្តើមដឹកនាំការទូងស្គរបន្លឺសម្លេងយ៉ាងកងរំពង អមដោយការប្រគុំស្គរឆៃយ៉ាំ ការបន្ទរសម្លេងគាំទ្រអបអរសាទរ និងការចាក់ចម្រៀងជាច្រើនបទ ពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ ព្រមទាំងការច្រៀងរួមគ្នារបស់បុគ្គលិក នៃធនាគារ ARDB នូវបទពង្សាវតារខ្មែរ ដើម្បីជាការអបអរសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោយ៉ាងគគ្រឹកគគ្រេង ក្លៀវក្លា និងអធឹកអធម ជាទីមោទនៈ៕