(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាព ជុំវិញខេត្ត នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងទូងស្គរជ័យ ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»ជាប្រវត្តិសាស្ដ្រនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជាមួយនឹងការចុចបូតុងបើកការដ្ឋានជាផ្លូវការ។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គម្រោងនេះប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស។
គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម និងសេដ្ឋកិច្ចកម្ពុជាដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លែដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រឹង និងបង្កើនផលិតភាព នៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។
ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោនឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ៕