(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមអបអរសាទរប្រកបដោយក្តីមោទនៈ និងគាំទ្រយ៉ាង ពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលសម្ពោធបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្រោមបរិយាកាសដ៏សែនរីករាយ អធិកអធមក្រៃលែង ដោយមានសំឡេងវាយគង ជួង រគាំង ទូងស្គរ នៅ គ្រប់ទីវត្តអារាម ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត រាជធានី យ៉ាងកងរំពងទូទាំងប្រទេស។
ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានផ្តួចផ្តើមឡើងក្នុងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងបន្តអនុវត្តការសាងសង់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេនប្រកបដោយថាមពល មានឆន្ទៈមោះមុតនៅក្នុងការ ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងជាពិសេសធានានូវការអភិវឌ្ឍរបស់ប្រទេសជាតិ ឆ្ពោះទៅកាន់ គោលដៅអភិវឌ្ឍន៍ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ផ្លូវទឹកទៅកាន់សមុទ្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និង កែប មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ជាសមិទ្ធផលប្រវត្តិសាស្ត្រ ផ្តល់ផលប្រយោជន៍ពហុវិស័យ មានជាអាទិ៍ ទី១ កាត់បន្ថយរយៈចម្ងាយនិងតម្លៃនៃការដឹកជញ្ជូន ទី២ បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការ អភិវឌ្ឍផែរណបថ្មីៗជាច្រើន ទី៣ ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ទី៤ដោះស្រាយ និងកាត់បន្ថយបញ្ហាគ្រោះទឹកជំនន់ ទី៥ ជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារ បន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត និងជំរុញការអភិវឌ្ឍ ទីក្រុង និងនគរូបនីយកម្ម និងទី៦ ជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។ ជារួម គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងបម្រើផលប្រយោជន៍ដ៏សន្ធឹកសន្ធាប់ សម្រាប់ប្រទេសជាតិសុទ្ធសាធ ធ្វើឱ្យកម្ពុជាមានឯករាជ្យ អធិបតេយ្យភាព លើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់ខ្លួន។
គម្រោងព្រែកជីកហ្វូណនតេជោ បានអនុវត្តឡើងយ៉ាងត្រឹមត្រូវតាមបទប្បញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជានឹងច្បាប់អន្តរជាតិពាក់ព័ន្ធ ជាពិសេសកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥។ ថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូម ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំអនុវត្តឱ្យលេចចេញជារូបរាងពិតប្រាកដឡើងនូវគម្រោង ដ៏មានតម្លៃនេះ។
ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំ សមាជិក-សមាជិកា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភាក៏សូមថ្លែងអំណរគុណជូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងដោយឆន្ទៈ មនសិកាស្នេហាជាតិខ្ពស់ ចំពោះគម្រោងប្រវត្តិសាស្ត្រនិងជាទីមោទនភាពនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ជំរុញឱ្យមានការអនុវត្តជាក់ស្តែងឆ្ពោះទៅរកភាពជោគជ័យ និងការសម្រេចបាននូវសមិទ្ធផល ជាប្រវត្តិសាស្ត្រ សំដៅបម្រើដល់ការអភិវឌ្ឍ និងរីកចម្រើននៃមាតុភូមិកម្ពុជាដ៏រុងរឿង និងបង្ហាញពីស្មារតីខ្មែរអាចធ្វើ បាន ឯកភាពជាតិ និងជាមោទនភាពរបស់ជាតិយើង៕