(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ដ្រខេត្ដបន្ទាយមានជ័យ រួមជាមួយក្រុមការងារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ បានប្រារព្ធពិធីអបអរសាទរយ៉ាងក្លៀវក្លា និងទូងស្គរជ័យ ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ។
ពិធីនេះប្រារព្ធឡើងនៅក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក សេរី ជំនះ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកភ្នំស្រុក, លោក ឈឹម វាសនា ប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក, លោក សំ ប៊ន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារចល័តប្រចាំស្រុកភ្នំស្រុក លោក ឆាយា គ្រឹស្នា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុភាព រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងសហការី ដែលសរុបអ្នកចូលរួលប្រមាណជាង ៥០០នាក់។
ក្នុងឱកាសនោះ តំណាងរាស្ត្រ សេរី កុសល បានលើកពីអត្ថប្រយោជន៍នៃគម្រោង«ព្រែកជីកហ្វូណន-តេជោ» ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះ។ លោកបានស្នើឱ្យក្រុមការងារទាំងអស់ ត្រូវរួមគ្នាកសាងសាមគ្គភីភាពរួមគ្នា ក្នុងស្មារតីខ្មែរតែមួយ ជៀសវាងធ្លាក់ក្នុងឧបាយកលពិសពុលរបស់អ្នកយោបាយខ្លះ ព្រោះគេមិនមែនតិះទានក្នុងន័យស្ថាបនាទេ តែធ្វើដើម្បីផលចំណេញនយោបាយ បម្រើមហិច្ឆតាបរទេស ជុំវិញគម្រោងព្រែកជីកនេះ។
ក្រោយបញ្ចប់ពិធីអបអរនេះ លោក សេរី កុសល និងក្រុមការងារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានពិសានំបញ្ចុករួមគ្នាប្រកបដោយក្តីរីករាយ ព្រមទាំងផ្តល់អំណោយកំដរដៃ មានសារ៉ុង១ និងថវិកា១ម៉ឺនរៀល។
បន្ទាប់មកនៅថ្ងៃដដែលនេះ លោក សេរី កុសល រួមទាំងក្រុមការងារបានបន្តដំណើរទៅកាន់វត្តតានី ក្នុងភូមិថ្មី ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានបងប្អូន លោកតាលោកយាយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណ៤០០នាក់ ចូលរួមក្នុងពិធីអរសាទរ ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ផងដែរ។ ក្នុងឱកាសនោះលោក សេរី កុសល ក៏បានចូលរួមបច្ច័យកសាងព្រះវិហារថ្មីចំនួន៥០០ដុល្លារ និងចែកខោអាវយាយជីតាជី ១៥កំប្លេផងដែរ។
ការដ្ឋាន «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជាមានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។
គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕