ក្រោយបញ្ជាពីអភិបាលខេត្ត និងស្នងការ កម្លាំងនគរបាល បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសនេសាទជាច្រើន របស់ជនជាតិវៀតណាម, ចាប់ខ្លួនជិត១០នាក់
23-09-2016 10:32
(កណ្តាល)៖ កម្លាំងនគរបាលស្រុកកោះធំ ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃទឹក ស្ថិតនៅឃំុព្រែកជ្រៃ ដែលជនជាតិវៀតណាម បានដាក់រាយប៉ាយយ៉ាងច្រើនស្អេកស្កះតែម្តង។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្តនិងជាប្រធាន ការិយាល័យកណ្តាលប្រឆាំងបទល្មើស ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត។
អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់យ៉ាងច្រើន ដែលភាគច្រើន លប និងព្រួល ត្រូវបានកម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលខេត្ត រកឃើញ ហើយធ្វើការដកហូតតែម្តង ដែលត្រូវក្រុមឈ្មួញ ភាគច្រើនជាជនជាតិវៀតណាម បានដាក់ពង្រាយដើម្បីចាប់ត្រី។
លោកអធិការបានបន្តទៀតថា «នៅពេលចុះមកជាក់ស្តែងទើបដឹងថា មានបទល្មើសច្រើនណាស់ ដែលត្រូវក្រុមឈ្មួញដាក់ ដើម្បីចាប់ត្រី ខុសច្បាប់ គឺយ៉ាងច្រើនតែម្តង មិនគួរឲ្យជឿ»។
បើតាមលោក ឈឿន ប៊ុនឆន សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ជិត១០នាក់ផងដែរ ដើម្បីបន្តការសួរនាំ ពីសកម្មភាពដាក់ឧបករណ៍នេសាទខុសច្បាប់ទាំងនេះ។
(អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន)