(កណ្តាល)៖ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឱ្យបាត់បង់ទឹកដីរបស់ខ្មែរយើងទេ តែផ្ទុយទៅវិញគម្រោងនេះ បានផ្តល់នូវផលប្រយោជន៍មហាសាលដល់កម្ពុជា។
ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចធិបតី ធ្វើឡើងដើម្បីជម្រះការមន្ទិលសង្ស័យរបស់បងប្អូនមួយចំនួន ដែលបារម្ភថាការធ្វើព្រែកជីកនេះ អាចនឹងធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពរបស់កម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ ពីមូលហេតុដែលរាជរដ្ឋាភិបាល មានប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគម្រោងព្រែកជីកនេះឱ្យទាល់តែបាន ព្រោះសមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផលសម្រាប់ជាតិ និងសេដ្ឋកិច្ចយើងទេ ប៉ុន្តែក៏ជួយជាធាតុផ្សំ ដើម្បីរក្សានូវការទុកចិត្តគ្នា និងសាមគ្គីភាព រវាងប្រជាជាតិខ្មែរផងដែរ។
សម្តេចបញ្ជាក់ថា «ទោះបីជាប្រជាពលរដ្ឋយើងច្រើន លើសលុបយល់ពីតម្លៃនៃគម្រោងព្រែកជីកនេះ ក៏មានបងប្អូនមួយចំនួន មានការបារម្ភ និងកង្វល់ខ្លាចបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដោយការគ្រប់គ្រងដោយបរទេស។ សម្រាប់ខ្ញុំដោយសារកង្វល់នេះហើយ ដែលចាំបាច់យើងត្រូវឆ្លើយតប ពន្យល់បង្ហាញឱ្យច្បាស់។ ដើម្បីដោះស្រាយឆ្លើយតបទៅនឹងកង្វល់ និងភាពមន្ទិលសង្ស័យ ដែលយើងដាច់ខាតត្រូវតែ ធ្វើព្រែកជីកនេះឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ បើយើងមិនធ្វើ យើងមិនត្រឹមតែបាត់បង់ ការពង្រឹងអធិបតេយ្យភាព ការពង្រឹងសក្តានុពលសេដ្ឋកិច្ចនោះទេ យើងបាត់បង់នូវទុកចិត្ត និងសាមគ្គីភាពរបស់ជាតិខ្មែរថែមទៀត»។
សម្តេចធិបតីបន្ថែមទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ មិនអាចបាត់បង់ទឹកដីនោះទេ ព្រោះព្រែកជីកនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានបង្គោលព្រំដែនរួចហើយ ដែលមានប្រជាពលរដ្ឋរស់នៅរាប់លាននាក់។
ជាមួយគ្នានេះ ការអនុវត្តគម្រោងព្រែកជីកនេះ ធ្វើឡើងក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) មិនមែនជាគម្រោងដែលរាជរដ្ឋភិបាល ប្រើប្រាស់ប្រាក់កម្ចីពីបរទេសនោះឡើយ តែជាការវិនិយោគដោយក្រុមហ៊ុនឯកជន។ សម្តេចបន្ថែមទៀថា ព្រែកជីកហ្វូណនតេជោ មិនមែនជាការវិនិយោគរបស់ក្រុមហ៊ុនបរទេស ១០០% នោះឡើយ គឺក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា កាន់កាប់ភាគហ៊ុនធំ រហូតដល់ ៥១ភាគរយ។
សម្តេចសង្កត់ធ្ងន់ថា «ទោះជាយ៉ាងណាក៏ដោយ BOT មិនមែនបានន័យថា បាត់អធិបតេយ្យភាពទេ គឺក្រុមហ៊ុនធ្វើមានសិទ្ធិរកលុយ ប៉ុន្តែក្រោមច្បាប់យើងទាំងអស់ គ្នាសិទ្ធិកាត់ឱ្យនរណាទេ [...] សូមបងប្អូនកុំព្រួយបារម្ភ គម្រោងនេះមិនបាច់បង់អធិបតេយ្យជាតិនោះឡើយ»។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារ ដោយត្រូវបានចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ ពីព្រែកតាកែវនៃទន្លេមេគង្គទៅព្រែកពោធិ៍នៃទន្លេបាសាក់នឹងត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមានចម្ងាយ ១៥៩គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាលរហូតដល់សមុទ្រខេត្តកែប និងត្រូវវិនិយោគរួមគ្នារវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ ការវិនិយោគនេះ នឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕