(តាកែវ)៖ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ម កាយ អភិបាលរងខេត្ត តំណាងលោក វ៉ី សំណាង អភិបាលខត្តតាកែវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋសរុប៣,១៨០នាក់ បានចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ នៅទីតាំងសួនច្បារមាត់បឹងតាកែវមុខមហោស្រពខេត្ត តាមរយៈការទូងស្គរ វាយគង និងទះដៃអបអរយ៉ាងក្លៀវក្លា។
ការចូលរួមនេះបង្ហាញចលនាជាតិគាំទ្រខ្លាំងក្លាចំពោះគម្រោងផ្តល់ផលប្រយោជន៍មហាសាលដល់សង្គម និងសេដ្ឋកិច្ចទាំងមូលទុកជាមរតក ប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយ។
គួរជម្រាបថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង៩៖០៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈក្រសួង ស្ថាប័ន អង្គភាព មន្ទីរ រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន វត្តអារាម ស្ថាប័នឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ក៏បានចូលរួមអបអរសាទរចំពោះគម្រោងដ៏ធំនេះផងដែរ។
ជាការពិតណាស់ គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម។
ព្រែកជីកហ្វូណនតេជោនេះមានមានប្រវែង១៨០គីឡូម៉ែត្រ ជម្រៅ៥.៤ម៉ែត្រ (ក្រោមទឹក) មុខលើ១០០ម៉ែត្រ បាតក្រោម៨០ម៉ែត្រ ដែលត្រូវចំណាយប្រាក់១,៧០០លានដុល្លារ ឆ្លងកាត់ខេត្តចំនួន៤ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ក្នុងនោះមានផ្លូវអមសងខាងប្រវែង២០៨គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទ្វារទឹក៣កន្លែង ស្ពាន១១ និងប្រើប្រាស់រយៈពេលសាងសង់៤ឆ្នាំ ឬ៤៨ខែ៕