(ភ្នំពេញ)៖ អភិបាលស្រុកតាំងគោក លោក ហាក់ ម៉ុងហួត បានដឹកនាំមន្ដ្រីរាជការ កងកម្លាំងសមត្ថកិច្ចចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ តាមរយៈការទូងស្គរ វាយគង និងទះដៃអបអរយ៉ាងក្លៀវក្លា នៅបរិវេណសាលាស្រុកតាំងគោក បង្ហាញស្មារតីរួមកម្លាំងជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម និងការអនុវត្តគម្រោងព្រែកជីកប្រវត្តិសាស្ត្រមួយនេះ។
គួរជម្រាបថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង៩៖០៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈក្រសួង ស្ថាប័ន អង្គភាព មន្ទីរ រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន វត្តអារាម ស្ថាប័នឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ក៏បានចូលរួមអបអរសាទរចំពោះគម្រោងដ៏ធំនេះផងដែរ។
ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងសមត្ថកិច្ច ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្សទូទាំងស្រុកតាំងគោក បានប្ដេជ្ញាចូលរួមជាស្មារតីរួមកម្លាំងជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ។
សូមជម្រាបសាវតារថា រាជាណាចក្រភ្នំ ឬហ្វូណន (វ្នំ) គឺជារាជាណាចក្រដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីដើមគ្រិស្ដសករាជមកម្ល៉េះ។ នាបឋមសម័យនោះដែរ បុព្វបុរសខ្មែរបានកសាងព្រែកជីកជាច្រើនខ្សែពីសមុទ្រមកកាន់រាជធានីអង្គរបុរី សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងជាផ្លូវពាណិជ្ជកម្មទៅមកជាមួយពួកឈ្មួញបរទេស។ ព្រែកជីកទាំងនេះបានចូលរួមកសាងរាជាណាចក្រភ្នំប្រកបដោយភាពរុងរឿង ភាពសម្បូរសប្បាយ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយបរទេសជិតឆ្ងាយនានា តាមរយៈការធ្វើពាណិជ្ជកម្ម និងការទូត។ ប៉ុន្តែនៅពេលរាជាណាចក្រភ្នំចុះខ្សោយនិងដួលរលំទៅ ព្រែកជីកទាំងនោះក៏បាត់បង់តួនាទីសំខាន់ លែងមានការប្រើប្រាស់សម្រាប់វិស័យពាណិជ្ជកម្មធំដំតទៅទៀត ព្រោះតែប្រទេសកម្ពុជាបានផ្លាស់ប្ដូរាជធានី និងមានទន្លេធំៗជាផ្លូវពាណិជ្ជកម្មជំនួសវិញ ដូចជាទន្លេមេគង្គ ទន្លេសាបជាដើម។ លុះមកដល់សករាជសន្តិភាពនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្ដារព្រែកជីកចាស់តាំងពីសម័យហ្វូណននោះ ដើម្បីស្ដារតួនាទីក្នុងវិស័យដឹកជញ្ជូន និងពាណិជ្ជកម្មឡើងវិញ ក្រោមការប្រសិទ្ធនាមថ្មីថា «ព្រែកជីកហ្វូណនតេជោ»។
ជាការពិតណាស់ គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម។
ព្រែកជីកហ្វូណនតេជោនេះមានមានប្រវែង១៨០គីឡូម៉ែត្រ ជម្រៅ៥.៤ម៉ែត្រ (ក្រោមទឹក) មុខលើ១០០ម៉ែត្រ បាតក្រោម៨០ម៉ែត្រ ដែលត្រូវចំណាយប្រាក់១,៧០០លានដុល្លារ ឆ្លងកាត់ខេត្តចំនួន៤ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ក្នុងនោះមានផ្លូវអមសងខាងប្រវែង២០៨គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទ្វារទឹក៣កន្លែង ស្ពាន១១ និងប្រើប្រាស់រយៈពេលសាងសង់៤ឆ្នាំ ឬ៤៨ខែ៕