(ភ្នំពេញ)៖ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ ទាំង២៧ទីតាំង ដឹកនាំដោយលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅគ្រប់ទីតាំង នៃសាលា ប៊ែលធី អន្តរជាតិ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃនិងកំពុង អនុវត្តជំរុញ បន្ថែមក្នុងការអភិវឌ្ឍ គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់រួចចូល តាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជាដូចជា ពង្រីកការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកប ដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅតំបន់ភាគនិរតី ដែលជាការរួមចំណែកដ៏សំខាន់ សម្រាប់បម្រើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា នាពេលអនាគត ។ ជាពិសេសនឹងជួយឱ្យកម្ពុជា ពង្រឹងនូវឯករាជ្យភាព ខាងនយោបាយ លើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្ក ផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ៕