(កណ្ដាល)៖ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្តេជ្ញាប្រឹងប្រែងសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យចេញជារូបរាង និងត្រូវធ្វើឱ្យបានលឿនបំផុត ដើម្បីជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ លើការបាត់បង់អធិបតេយ្យជាតិក្នុងរឿងព្រែកជីកហ្វូណនតេជោនេះ។
សម្តេចធិបតីបានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែគិតថា រាជរដ្ឋាភិបាលមានចេតនាធ្វើឱ្យបាត់អធិបតេយ្យភាព បាត់ទឹកដី ប្រសិនប្រជាពលរដ្ឋមិននាំចេញបញ្ចេញមតិលើបញ្ហានេះ ដែលការសង្ស័យនេះ នឹងធ្វើឱ្យប្រជាជនលែងទុកចិត្តគ្នា និងលែងទុកចិត្តរាជរដ្ឋាភិបាល។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា «នៅពេលដែលយើងមានមន្ទិលសង្ស័យខ្មែរគ្នាឯងនេះហើយ នឹងធ្វើឱ្យងាយស្រួលក្នុងការដុតឱ្យបែកបាក់ជាតិ ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុងរបស់យើង យើងត្រូវធ្វើគម្រោងនេះឱ្យចេញ ដើម្បីបងប្អូនយើង ថាគម្រោងនេះមើលមែន ចែកគ្នាមើលទាំងអស់គ្នាថាបាត់ឬទេ? គឺអត់ទេ ហើយបញ្ជាក់តាមអី គឺបញ្ជាក់តាមសមិទ្ធផល ជាក់ស្តែងដែលយើងឃើញនៅពេលនោះ»។
សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា ដើម្បីលប់បំបាត់នូវកង្វល់ និងកុំឱ្យមានមន្ទិលសង្ស័យនៅក្នុងផ្ទៃជាតិ ដែលនាំឱ្យមានការបែកបាក់ ដោយសារគម្រោងមួយនេះ រាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យចេញជាលទ្ធផល និងធ្វើឱ្យលឿន ដូច្នេះហើយទើបរាជរដ្ឋាភិបាលសម្រេចរំកិលគម្រោងធ្វើព្រែកជីកនេះពីខែធ្នូ មកខែសីហានេះវិញ។ ជាមួយគ្នាយើងទាំងអស់គ្នា ត្រូវតែនាំគ្នាការពារ ព្រមទាំងទាញយកផលប្រយោជន៍ពីកម្រោងមួយនេះ ដើម្បីអភិវឌ្ឍន៍ជាតិរបស់យើង ការពារឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិ។
សម្តេចធិបតីបានប្រកាសថា សូមកុំឱ្យប្រជាពលរដ្ឋខ្មែរព្រួយបារម្ភថា បន្ទាប់ពីព្រែកនេះសាងសង់ព្រែកជីកនេះរួចនឹងបាត់អធិបតេយ្យភាពជាតិ ដោយសារសាងសង់ព្រែកជីនេះ កម្ពុជាមានចំណែកកាន់កាប់ភាគហ៊ុនរហូត៥១% ខណៈក្រុមហ៊ុនចិនមានភាគហ៊ុនតែ៤៩%ប៉ុណ្ណោះ។ ហើយការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោលេចចេញជារូបរាង និងនាំឱ្យពលរដ្ឋខ្មែរបានផលប្រយោជន៍ពីគម្រោងនេះផងដែរ៕
នាទី៖ ២.១៩.៣៨ ដល់២.២៥.៤៧