(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលមានលក្ខខណៈជាតិនិយមខ្ពស់បំផុតក្នុងរជ្ជកាលនេះ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោមិនត្រឹមតែជា គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយ ទោះបីជាមានតម្លៃពី១៧០០លានដុល្លារ, ២ពាន់លានដុល្លារ ឬរហូតដល់១០ពាន់លានដុល្លារ ឬក៏ត្រឹមតែប៉ុន្មានលានដុល្លារក៏ដោយ ទំហំថវិកាជាសូចនាករមួយគត់ ប៉ុ​ន្ដែហេតុអ្វីបានជាគម្រោងព្រែកជីកមួយនេះ ខុសពីគម្រោងដែលយើងធ្វើកន្លែងមក ដែលអាចធំជាងនេះមានដូចជា គម្រោងផ្លូវ Highway គម្រោងព្រលានយន្ដហោះ ដែលមានតម្លៃរាប់ពាន់លានដុល្លារដូចគ្នា ប៉ុន្ដែអ្វីដែលខុសគ្នា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោមួយនេះ គឺចលនាជាតិមួយទាំងមូលនៅក្រោយគម្រោងទាំងនេះ។

សម្ដេចធិបតីបានបញ្ជាក់ថា «គម្រោងព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយហេដ្ឋារចនាម្ព័ន្ធ ប៉ុន្ដែជាគម្រោងដែលមានលក្ខខណៈជាតិនិយមខ្ពស់បំផុតក្នុងរជ្ជកាលនេះ ក្នុងសម័យកាលក្រោយរំដោះ១៩៧៩ យើងធ្វើស្ពានជាច្រើន, ធ្វើផ្លូវ Highway និងបន្ដធ្វើឲ្យបានច្រើនថែមទៀត មានព្រលានយន្ដហោះ ប៉ុន្ដែព្រែកជីកហ្វូណនតេជោនេះ គឺមានតែមួយប៉ុណ្ណោះ»

សម្ដេចធិបតីបានថ្លែងបន្ដថា ជាការពិតមានទស្សនៈជាច្រើន បានលើកឡើងអំពីបញ្ហានៃការជីកព្រែកជីកហ្វូណន ដោយមិនទាន់បានយល់ និងបានបង្ហាញនូវកង្វល់មួយចំនួន ប៉ុន្ដែជាច្រើនលើសលប់នៃប្រជាជាតិកម្ពុជាទាំងក្នុង និងក្រៅប្រទេស គ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទីកន្លែង ជាក់ស្ដែងសម្រាប់ថ្ងៃនេះតាមដឹង គ្រោងទូងស្គរ វ៉ៃប៉ោត, វ៉ៃធុងនៅតាមកន្លែងជាច្រើន មិនត្រឹមតែធ្វើនៅទីនេះទេ ប៉ុន្ដែនៅទូទាំងប្រទេសនៅថ្ងៃនេះ, ល្ងាចនេះ នៅគ្រប់កន្លែងនឹងមានប្រារព្ធពិធី ដើម្បីអបអរសារទរ នូវអ្វីដែលប្រជាពលរដ្ឋ បានបញ្ជេញមតិគាំទ្ររហូតមកដល់ពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កន្លងមកខ្ញុំបានឃើញសារជាច្រើន តាមបណ្ដាញសង្គម Facebook បន្ទាប់ពីមានការប្រកាសពីសម្ដេចតេជោ ហ៊ុន សែន ក្នុងនោះឃើញថា បងប្អូនបានយល់គ្រប់និន្នាការនយោបាយ ក្នុងនោះមានគណបក្សច្រើនណាស់បានចូលរួម ទោះបីមាននិន្នាការនយោបាយខុសគ្នា ក៏បានគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ ហើយលើនេះជាលើទីមួយដែលខ្ញុំឃើញថា ជាគម្រោងមួយដែលស្មារតីជាតិនិយមរួមគ្នា គាំទ្រដល់ការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ជាតិរបស់យើង»