(ភ្នំពេញ)៖ មន្ដ្រីកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហព័ន្ធកីឡាជាតិជាច្រើន នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បានចូលរួមទូងស្គរ អបអរសាទរពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការ «ព្រែកជីកហ្វូណនតេជោ» នៅមុខវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។
ការជួបជុំអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ ស្របពេលពិធីបើកការដ្ឋានព្រែកជីកដ៏មានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ បានប្រារព្ធធ្វើឡើងជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែ នៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានចូលរួមទូងស្គរខាងលើ បានសម្ដែងនូវមោទនភាពជាខ្លាំង ក្នុងនាមពលរដ្ឋខ្មែរ ដែលកម្ពុជា នឹងមានលំហរផ្លូវសមុទ្រ ប្រកបដោយសក្ដានុពល និងជាប្រវត្តិសាស្ដ្រ ។ លោកថា ក្រោយថ្ងៃរំដោះ ៧-មករា ឆ្នាំ១៩៧៩ រហូតដល់កម្ពុជា មានសុខសន្ដិភាពពេញលេញ ក្រោយឆ្នាំ១៩៩៨ គឺបានរំលេចនូវសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ ដែលជាស្នាដៃប្រវត្តិសាស្ដ្រដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី រហូតសម្ដេចបានផ្ដួចផ្ដើមគំនិតសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីផ្ដល់នូវឧត្ដមប្រយោជន៍ជាច្រើន ហើយបច្ចុប្បន្ន ត្រូវបានអនុវត្តផែនការនេះដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។
លោកបន្ដថា «ក្នុងនាមខ្ញុំផ្ទាល់ ក្រុមគ្រួសារ និងសហព័ន្ធកីឡាកាយសម្ព័ន្ធ ក៏ដូចជាគ្រួសារកីឡាជាតិទាំងមូល ខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែន សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្ងៃទី០៥ ខែសីហា ដែលពួកយើងបានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវការនៅម៉ោង ៩ និង ០៩នាទីព្រឹកនេះ ។ ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំង ដូចជាការទទួលបាននូវរចនាសម្ព័ន្ធផ្លូវទឹក ដើម្បីចែករំលែកងាយស្រួលក្នុងការប្រកបរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ និងទទួលបានសក្ដានុពលទៅលើផ្នែកទេសចរណ៍ផង ពិសេសការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលកើតចេញពីការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមុន និងបច្ចុប្បន្ន» ។
«អ៊ីចឹងពួកយើងនឹងទទួលបានសក្ដានុពលច្រើនណាស់ពីគម្រោងព្រែកជីកនេះ ។ ដូច្នេះខ្ញុំពិតជាគាំទ្រពេញទំហឹង ហើយក៏ជាឱកាសមួយ ដែលក្នុងជីវិតនេះ ខ្ញុំកើតលើទឹកដីនេះ ខ្ញុំបានឃើញសមិទ្ធផលដែលថ្នាក់ដឹកនាំខ្ញុំបានធ្វើអ្វីៗ សម្រាប់ប្រទេសជាតិនេះជាប្រវត្តិសាស្ដ្រច្រើនណាស់ ពិសេសសមិទ្ធផលដ៏អស្ចារ្យពេលនេះ គឺព្រែកជីកហ្វូណនតេជោ សម្រាប់ប្រទេសជាតិយើងទាំងមូល» ។ លោក ណយ ផាណា បន្ថែម ៕