(បន្ទាយមានជ័យ)៖ ក្មេងស្រីដ៏សែនអភ័ព្វ២នាក់បងប្អូនបង្កើត ម្ដាយទើបតែស្លាប់បាន១ឆ្នាំ ឥឡូវឪពុកស្លាប់ចោលទៀត ដោយរស់នៅគ្មានទីពឹង ក្នុងខ្ទមកំសត់ មានដំបូលលេចទឹក ធ្លុះជញ្ជាំង ហើយស៊ីឈ្មូលបោកខោអាវឲ្យគេ នៅពេលនេះកំពុងអំពាវនាវរកសប្បុរសជន ជួយដើម្បីបន្ដការសិក្សា ទៅខាងមុខទៀត។
ប្រជាពលរដ្ឋរស់ក្បែរខាង ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បាននិយាយប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះថា ម្តាយទើបតែស្លាប់បានរយះពេល ១ឆ្នាំសោះ ចង្រៃអីបានជា ឪពុកឈ្មោះ កុយ ចំរើន អាយុ៤៩ឆ្នាំស្នាក់នៅបណ្តោះអាសន្ន ជាមួយម្តាយធម៌ឈ្មោះ លាស់ ស៊ីថា អាយុ៧០ឆ្នាំ មានជីវភាពរកព្រឹកខ្វះល្ងាច ដែលក្មេងស្រីអភ័ព្វទាំងនាក់នេះបងឈ្មោះ ជួង ស្រីណីត អាយុ១៣ឆ្នាំ ប្អូនឈ្មោះ ជួង ស្រីណុត អាយុ៧ឆ្នាំ។
បើតាមការរៀបរាប់របស់ដូនចាស់ឈ្មោះលាស់ ស៊ីថា អាយុ៧០ឆ្នាំ បាននិយាយប្រាប់ថា ឈ្មោះ កុយ ចំរើន ដែលត្រូវជាឪពុកក្មេងស្រីទាំង២នាក់នេះ បានមករស់នៅជាមួយគាត់ ជាច្រើនឆ្នាំហើយបុរសនេះ ធ្លាប់ធ្វើទាហានត្រូវគ្រាប់ចំក្បាល បណ្តាលឲ្យមានរោគប្រកាច់ជារើយៗ មុនពេគាត់ស្លាប់នោះ ជម្ងឺចាស់បានរើឡើង ក៏ប្រកាច់ស្លាប់តែម្តង។ លោកយាយ បន្តថាសព្វថ្ងៃនេះ លោកយាយរស់នៅ តែម្នាក់ឯង និងចៅចិញ្ចឹម២នាក់នេះ នៅក្នុងខ្ទមកំសក់ មានដំបូលលេចទឹក មើលខែឃើញ ជញ្ជាំងធ្លុះធ្លាយអស់ហើយ ក្នុងការរស់នៅនោះកុំតែបានចៅស្រី ឈ្មោះណិត ដើរស៊ីឈ្នួលបោកខោអាវ ឲ្យអ្នកជិតខាងបានលុយបន្តិចបន្តួច យកមកចិញ្ចឹមក្នុងគ្រួសារកំសត់មួយនេះ។
លោកយាយថា ការរស់នៅរាល់ថ្ងៃនេះ គឺមានចៅស្រីអាយុ១៣ឆ្នាំនេះ កុំអីដាច់ពោះស្លាប់បាត់ទៅហើយ ហើយក្មេងនោះឆ្លៀតទៅរៀនសូត្រសិក្សាទៀតផង ហើយក្មេងស្រីទាំង២នាក់នេះ រស់នៅជាមួយគាត់គ្រាន់តែ បណ្ដោះអាសន្នទេ ទៅថ្ងៃមុខក្មេងស្រីទាំង២នាក់នេះ ចង់ទៅរស់នៅជាមួយអ្នកណា ក៏គាត់មិនថាព្រោះនេះ ជារឿងសុភមង្គល របស់ក្មេងទាំង២នាក់នេះ លោកយាយមិនដឹងថា ក្មេងអភ័ព្វ ទាំង២នាក់ទៅជាយ៉ាង ណានោះឡើយ ក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯងនេះ។
ក្មេងស្រីអភ័ព្វទាំង២នាក់ បាននិយាយថា «ខ្ញុំអំពាវនាវរកសប្បុរសជននានា ជាពិសេសនោះ លោកតាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដល់ពួកខ្ញុំផង ព្រោះពួកខ្ញុំចង់បានការរស់នៅដូចក្មេងដទៃទៀត ចង់សិក្សារៀនសូត្រ និងមានជំរុកត្រឹមត្រូវ»៕