(ប៉ារីស)៖ ប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង ប្រមាណ ២០០នាក់ បានជួបជុំគ្នាបង្ហាញពីស្មារតីសាមគ្គីជាតិតែមួយ ជាមួយពលរដ្ឋក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ ពិធីជួបជុំនៃមហាគ្រួសារខ្មែរនៅក្រៅប្រទេស ដើម្បីគាំទ្រស្មារតីនៃ «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» នេះបានប្រព្រឹត្តទៅនៅនិវេសដ្ឋានរបស់លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ក្រោមបរិយាកាសដ៏សែនរំភើបរីករាយក្រៃលែង។
ប្រជាពលរដ្ឋខ្មែរ បានសម្តែងក្តីមោទនភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងព្រែកជីកហ្វូណននេះ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការពារផលប្រយោជន៍ជាតិ។
ការពង្រីកវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងផ្តល់ផលប្រយោជន៍មហាសាលដល់សង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយឯករាជ្យផ្លូវទឹករបស់កម្ពុជា។ ព្រែកជីកនេះ នឹងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ពោលគឺពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត ដោយមានប្រវែង ១៨០ គីឡូម៉ែត្រ និងត្រូវប្រើពេលសាងសង់រយៈពេល ៤ ឆ្នាំ។ គម្រោងនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ក្រៅពីគម្រោងព្រែកជីកហ្វូណន ពលរដ្ឋខ្មែរនៅប្រទេសបារាំងក៏បានបង្ហាញការគាំទ្រផងដែរចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
កិច្ចសហប្រតិបត្តិការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយគ្របដណ្តប់លើខេត្តចំនួន១៣ មានប្រជាជនសរុបជិត ១១ លាននាក់ ក្នុងនោះកម្ពុជាមានខេត្តចំនួន៤ (ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង) ឡាវចំនួន៤ និងវៀតណាមចំនួន៥។ គោលបំណងចម្បងនៃគម្រោង CLV DTA គឺដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តទាំង៤នៃភូមិភាគឦសាននេះ ដើម្បីកាត់បន្ថយគម្លាតនៃភាពក្រីក្រ ធៀបនឹងតំបន់ផ្សេងៗទៀតនៃប្រទេស។ កិច្ចសហប្រតិបត្តិការនេះ មិនមែនជាការដាក់បញ្ចូលខេត្តរបស់កម្ពុជា ដើម្បីបង្កើតជាដែនដីថ្មីទេ ប៉ុន្តែប្រទេសនីមួយៗមានអធិបតេយ្យភាព និងការគ្រប់គ្រងដែនដីតាមច្បាប់នៃប្រទេសរៀងៗខ្លួន។
ក្រៅពីគិតគូរពីកត្តាសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណនេះក៏ជានយោបាយភូមិសាស្រ្ត «ប្រជាជនការពារព្រំដែន» របស់រាជរដ្ឋាភិបាលផងដែរ ពោលគឺធ្វើយ៉ាងណាចលនាប្រជាជនខ្មែរឱ្យមករស់នៅក្នុងតំបន់នេះ ដើម្បីប្រកបការងារ និងអភិវឌ្ឍសហគមន៍ខ្មែរនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសជិតទាំងនេះ ពីព្រោះថាប្រជាជន គឺជាកម្លាំងដែលអាចការពារបូរណភាពទឹកដី ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕