(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិសាងសង់វិមានឈ្នះឈ្នះ រួមជាមួយក្រុមការងារនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងទូងស្គរជ័យ ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ។
ពិធីនេះក៏មានការចូលរួមពីអង្គភាពចំណុះក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ នាយទាងាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងមហាជនចូលរួមយ៉ាងច្រើនកុះករ។
មានប្រសាសន៍ក្នុងឱកាសអបអរសាទរពិធីជាប្រវត្តិសាស្ត្រកម្ពុជានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា៖ «ព្រឹត្តិការណ៍កើតមាននាពេលនេះ គឺជាសមិទ្ធផលថ្មីកើតចេញដោយនយោបាយឈ្នះឈ្នះ ដែលនាំមកសន្តិភាពនិងការឯកភាពជាតិពេញលេញ ដែលចាត់ទុកថាជាតម្លៃដ៏វិសេសវិសាលសម្រាប់អនាគតកម្ពុជា»។
សម្តេចពីជ័យសេនា ទៀ បាញ់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងសូមចូលរួមអបអរសាទរការបើកការដ្ឋានសាសង់ព្រែកជីកហ្វូណនតេជោ និងសូមប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមថែរក្សាការពារយ៉ាងដាច់ខាតនូវឯករាជ្យជាតិ អធិបតេយ្យជាតិ និងសន្តិភាពដ៏មានតម្លៃនេះឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរតរៀងទៅ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕