(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឲ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក ដែលសូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោក ដូចនេះសមល្មមនឹងយើងឆ្អែតឆ្អន់ហើយ, យើងត្រូវចេះ​សាមគ្គីគ្នាជាធ្លុងមួយ និងការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយមនឹងធ្វើអ្វីៗដើម្បីឧត្ដមប្រយោជន៍ជាតិខ្មែរ ជួយឱ្យទឹកដីនេះកាន់តែរឹងមាំរីកចម្រើនរុងរឿង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលពិធីបើកការដ្ឋានព្រែកជីកនេះមានគុណប្រយោជន៍ មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ មាតុភូមិយើងបានឆ្លងកាត់សុបិនអាក្រក់ជាច្រើន ដែលយើងដាច់ខាតមិនត្រូវបណ្ដោយឱ្យកើតឡើងសាជាថ្មី​នៅលើទឹកដី​ប្រកបដោយសក្ដានុពល និងថាមពលនេះទៀតឡើយ ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឱ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ចាប់ពីសម័យអាណាចក្រភ្នំរហូតមកដល់មហានគរ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក មិនត្រឹមតែកិត្យានុភាពជាតិជាអារ្យប្រទេសនោះទេដែលត្រូវបាត់បង់ សូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោកផងដែរ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទឹកដីដ៏ផូផង់នេះក៏ត្រូវបានបំផ្លាញរហូតដល់ក្រោមសូន្យ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែររហូតទាល់តែមានឥស្សរជន និងវីរជនស្នេហាជាតិ​ជាច្រើន បានយកជីវិតធ្វើជាដើមទុនដើម្បីស្វែងរកសន្តិភាពទើបយើងអាចមានអ្វីៗដូចសព្វថ្ងៃ, ការឈឺចាប់របស់ខ្មែរវាហួសពីគ្រប់គ្រាន់ទៅហើយ ទម្រាំយើងអាចរំដោះខ្លួនចេញពីរណ្ដៅមច្ចុរាជ្យ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងទម្រាំអាចចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងទម្រាំយើងស្វែងរកបានសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទម្រាំយើងបានដូចនេះវិញ ក៏មានឈាម និងទឹកភ្នែករាប់មិនអស់របស់ប្រជាពលរដ្ឋ បានស្រក់នៅលើទឹកដីដ៏កម្សត់មួយនេះ ដោយសារសង្គ្រាម ដូច្នេះយើងគប្បី​ចងចាំនូវមេរៀនប្រវត្តិសាស្ត្រនេះថា កាលណាខ្មែរបាត់បង់សាមគ្គីភាព និងការឯកភាពជាតិ ហើយខ្វះស្មារតីជាតិនិយម មិនតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ខ្មែរតែងតែរងគ្រោះនិងមហន្តរាយ, ផ្ទុយទៅវិញ​កាលណា ខ្មែរមានសាមគ្គីភាពជាធ្លុងមួយ និងការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយម នឹងធ្វើអ្វីៗដើម្បីឧត្ដមប្រយោជន៍ជាតិខ្មែរ នោះយើងនឹងតែរឹងមាំរីកចម្រើនរុងរឿងថ្កើងថ្កាន។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនមិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនោះទេ តែគម្រោងព្រែកជីកមួយនេះ ជាគម្រោងដែល​មានលក្ខណៈ​ជាតិនិយមខ្ពស់បំផុត​នៅក្នុងរជ្ជកាលនេះ នៅក្នុងសម័យកាលក្រោយរំដោះ នៅឆ្នាំ១៩៧៩មកនេះ ហើយព្រែកជីកមួយនេះគឺទទួលបានការគាំទ្រពីបងប្អូនគ្រប់ទាប់វណ្ណៈ និងគ្រប់ទីកន្លែង និងបានទួងស្គរ វាយប៉ោត វាយគង គ្រប់ទីកន្លែង ជាមួយនឹងការរៀបចំពិធីអបអរសាទរ នៅគ្រប់ទីកន្លែងផងដែរ៕