(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ភាពមន្ទិលសង្ស័យគ្នានៅក្នុងសង្គមខ្មែរ បានបង្កឱ្យមានការបែកបាក់ជាតិ ហើយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ កន្លងទៅក៏មានបងប្អូនមួយចំនួននៅតែមានមន្ទិល ដោយភាន់ច្រឡំថា ជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាពផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងនេះមិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពនោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាមានសក្តានុពល ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
កន្លងទៅ មានក្រុមប្រឆាំងមួយចំនួន បានព្យាយាមបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ ដោយវាយប្រហារលើរដ្ឋាភិបាលកម្ពុជាថា ធ្វើឱ្យបាត់បង់អធិបតេយ្យជាតិជាដើម ដែលការបំភ្លៃនេះ បានបង្កើតការសង្ស័យដល់ពលរដ្ឋមួយចំនួនតូច ឱ្យចូលរួមរារាំងមិនឲ្យព្រែកជីកនេះចេញជារូបរាង។
ពាក់ព័ន្ធនឹងករណីនេះ សម្តេចធិបតីលើកឡើងដូច្នេះថា៖ «បើយើងមិនធ្វើព្រែកជីកនេះឱ្យចេញជារូបភាពឱ្យបងប្អូនបានឃើញនោះទេ បងប្អូនមួយចំនួនអាចនឹងគិតថា កុំតែខ្លួនស្រែកកុំអី រាជរដ្ឋាភិបាលធ្វើព្រែកជីកនេះបាត់ទៅហើយ»។
សម្តេចបានចាត់ទុកថា បញ្ហានេះបានបង្កើតឱ្យមន្ទិលសង្ស័យរហូត ហើយការសង្ស័យនេះហើយ ធ្វើឱ្យប្រជាជនខ្មែរ លែងទុកចិត្តគ្នា លែងទុកចិត្តរាជរដ្ឋាភិបាល។
សម្តេចបានលើកឡើងដូច្នេះថា៖ «ពេលដែលយើងមានមន្ទិលសង្ស័យខ្មែរគ្នាឯងនេះហើយ នឹងធ្វើឱ្យងាយស្រួលក្នុងការដុតឱ្យបែកបាក់ជាតិ ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុងរបស់យើង យើងត្រូវធ្វើគម្រោងនេះឱ្យចេញ ដើម្បីបង្ហាញបងប្អូនឃើញថា គម្រោងនេះធ្វើមែន ចែកគ្នាមើលទាំងអស់គ្នាទៅ តើវាបាត់ឬទេ គឺអត់ទេ ហើយបញ្ជាក់តាមអ្វី បញ្ជាក់តាមសមិទ្ធផលជាក់ស្តែង»។
សម្តេចសង្ឃឹមថា តាមរយៈការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅពេលនេះ នឹងលែងមានមន្ទិលសង្ស័យផ្ទៃក្នុងរបស់ខ្មែរ ដែលនាំឱ្យមានការបែកបាក់។ សម្តេចធិបតី ក៏ជំរុញឱ្យការពារ និងទាញយកផលប្រយោជន៍ពីគម្រោងមួយនេះ ដើម្បីអភិវឌ្ឍជាតិ លើកសក្តានុពល ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិផងដែរ។
បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្រាប់ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមានការបាត់អធិបតេយ្យភាពនោះទេ ហើយក្រុមហ៊ុនរដ្ឋខ្មែរជាអ្នកកាន់កាប់ភាគហ៊ុនធំ៥១ភាគរយ ចំណែកក្រុមហ៊ុនចិន CRBC កាន់ភាគហ៊ុនតូច៤៩ភាគរយប៉ុណ្ណោះ។
សម្តេចបញ្ជាក់ដែរថា៖ «ទោះជាយ៉ាងណាក៏ដោយ BOT មិនមែនមានន័យថា បាត់អធិបតេយ្យភាពនោះទេ គេធ្វើផ្លូវគេមានសិទ្ធិយកតែលុយទេ តែច្បាប់យើងស្អីយើងទាំងអស់ គ្មានសិទ្ធិកាត់ទៅឱ្យអ្នកណាទេ ទោះជាក្រុមហ៊ុនវិនិយោគមកពីប្រទេសណាក៏ដោយ»៕