(ភ្នំពេញ)៖ ក្រុមហ៊ុន AirAsia នាថ្មីៗនេះ បានប្រកាសបន្ថែមជើងហោះហើរថ្មីមួយទៀត ដោយហោះហើរត្រង់ទៅវិញទៅមក ពីខេត្តសៀមរាប អង្គររបស់កម្ពុជា ទៅកាន់ខេត្តភូកេតប្រទេសថៃ។
លោក Tassapon Bijleveld នាយកប្រតិបត្តិក្រុមហ៊ុន Thai AirAsia បានពន្យល់ថា ភូកេត និង សៀមរាប គឺជាទិសដៅធ្វើដំណើរដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ជាពិសេសសម្រាប់អ្នកដំណើរជនជាតិ អាមេរិក អឺរ៉ុប និង អាស៊ី ដែលទិសដៅនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ តាមរយៈការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលបើកជើងហោះហើរ ភូកេត-សៀមរាប AirAsia ជឿថាខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ទាំងពីរនេះ ហើយជួយឱ្យអាស៊ានស្ថិតនៅកាន់តែជិតគ្នាថែមទៀត។
លោក Tassapon Bijleveld «គោលបំណងរបស់ AirAsia គឺបង្កើតបណ្តាញជើងហោះហើរឱ្យកាន់តែធំទូលាយ និងបើកឱកាសថ្មីៗឱ្យកាន់តែច្រើននៅក្នុងតំបន់អាស៊ាន។ ផ្លូវហោះហើរ ភូកេត-សៀមរាប ឆ្លើយតបចំពោះគោលបំណងរបស់យើងបានយ៉ាងពេញលេញ។ ជើងហោះហើរថ្មីនេះ អនុញាតឱ្យគ្រប់គ្នាដែលនៅ ភូកេត អាចធ្វើទៅកាន់ទីក្រុងបេតិកភណ្ឌពិភពលោកគឺ ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្តដ៏អច្ឆរិយៈ និងប្រាសាទបាយ័នដែលអស្ចារ្យមិនចាញ់គ្នាឡើយ។ នេះនៅមិនទាន់និយាយដល់កន្លែងកម្សាន្តពេលរាត្រីដ៏ពិសេសរបស់ខេត្តសៀមរាបផង»។
Thai AirAsia បច្ចុប្បន្នធ្វើប្រតិបត្តិការលើជើងហោះហើរនៅក្នុងតំបន់អាស៊ានដោយធ្វើដំណើរតាមផ្លូវហោះហើរចំនួន ១៥ ទៅកាន់ប្រទេសចំនួន ៧។ ជើងហោះហើរត្រង់រាល់ថ្ងៃចំនួន៣ របស់ក្រុមហ៊ុនអាកាសចរណ៍នេះពីបាងកក ទៅ សៀមរាប រក្សាបាននូវកត្តាផ្ទុកប្រមាណពី៨៥ ទៅ ៩០% រាល់ឆ្នាំ ហើយក៏ស្ថិតក្នុងផ្លូវហោះហើរដែលពេញនិយមបំផុតរបស់ AirAsia នៅក្នុងតំបន់អាស៊ានផងដែរ។
ផ្លូវហោះហើរថ្មីនេះ សៀមរាប-ភូកេត នឹងកាន់តែធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ជាមួយនឹងតម្លៃដ៏ពិសេសចាប់ពី ៥៥ដុល្លារ សម្រាប់ការធ្វើដំណើរមួយជើង។ ភ្ញៀវទេសចរទាំងអស់ ក៏អាចកក់ទុកបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២ តុលា ២០១៦ សម្រាប់ការធ្វើដំណើរពីថ្ងៃ៧ វិច្ឆិកា ២០១៦ ដល់ថ្ងៃ ២៨ តុលា ២០១៧ផងដែរ៕