(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត នៃវិទ្យាស្ថានអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំ និងជាផ្ដួចផ្ដើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ហើយបានបន្តជំរុញការអនុវត្តដោយសម្ដេចធីបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិជាពិសេសវិស័យដឹកជញ្ជូន។
លោក មុត ចិន្តា បានគូសបញ្ជាក់ថា អត្ថប្រយោជន៍ជាច្រើននៃការជីកព្រែកហ្វូណននេះ គឺបានកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម។
លោកបានជម្រាបជូនដល់លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតថា នៅថ្ងៃទី០៧ ខែសីហាខាងមុខនេះ វិទ្យាស្ថានមានពិធីធ្វើចង្ហាន់ យកទៅប្រគេនព្រះសង្ឃ គង់នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ដើម្បីចូលរួមផ្គត់ផ្គង់បង្ហាន់ព្រះសង្ឃ ដែលមកសិក្សារៀនសូត្រមានចំនួនច្រើន ដូច្នេះក្នុងនាមនាយកវិទ្យាស្ថានសូមអំពាវនាវ ដល់សិស្សិ និស្សិតទាំងអស់ ចូលរួមឲ្យបានច្រើនកុះករ ដើម្បីជាកុសលផលបុណ្យផង និងចូលរួមសម្រាលនូវការលំបាករបស់ព្រះគ្រូចៅអធិការវត្តផង។
សូមបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមាន ៥វិស័យ មានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា ក្នុងនោះសិស្ស និស្សិតកំពុងសិក្សាសរុបចំនួន ១៧០១នាក់ ស្រី ៥១៨នាក់៕