(កណ្ដាល)៖ ពីលើវេទិកាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺអនុវត្តតាមចក្ខុវិស័យរបស់មេដឹកនាំកាលពីអាណាចក្រហ្វូណន ដែលសម័យមួយដ៏រឹងមាំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាណាចក្រហ្វូណន ជារដ្ឋដំបូងគេរបស់កម្ពុជា ចាប់ផ្ដើមពីសតវត្សទី១ ដែលជាអាណាចក្រមួយដ៏រុងរឿងនៅទិសខាងត្បូង នៃប្រទេសចិន។ ពេលនោះកម្ពុជាជាចក្រភពមួយដែលរឹងមាំ មានមូលដ្ឋានសេដ្ឋកិច្ចខ្លាំងក្លា គឺផ្ដោតទៅលើកសិកម្ម និងពាណិជ្ជកម្ម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាណាចក្រហ្វូណន ដែលជារដ្ឋដំបូងរបស់កម្ពុជា ចាប់ផ្ដើមពីសតវត្សទី១ បើតាមកំណត់ត្រារបស់ចិនមានន័យថា អ្នកដែលរុងរឿងនៅទិសខាងត្បូង ជាអាណាចក្ររុងរឿងនៅទិសខាងត្បូង នៃប្រទេសចិន។ ការកសាងនូវព្រែកជីកហ្វូណន ដែលសំដៅទៅលើការជំរុញកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ភស្ដុភារកម្ម គឺមិនខុសពីចក្ខុវិស័យជាង២ពាន់ឆ្នាំមុនរបស់បុព្វបុរសខ្មែរយើងទេ ២ពាន់ឆ្នាំក្រោយមកកូនចៅបានបើកនូវការដ្ឋានសាងសង់ព្រែកជីក យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសរបស់យើង»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា, យោងតាមឯកសារប្រវត្តិសាស្ដ្រ នៅក្នុងអាណាចក្រហ្វូណន ដែលមានរាជធានីនៅអង្គរបុរី បានសាងសង់ព្រែកជីករហូតដល់ទៅ៥ ដោយក្នុងនោះ សុទ្ធតែភ្ជាប់ទៅតំបន់សំខាន់ៗមានទាំងនៅក្នុងប្រទេស និងភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសនានាទាំងលោកខាងលិច និងលោកខាងកើត។ សម្ដេចបន្ដទៀតថា ព្រែកជីកមួយនៅអង្គរបុរី ឈ្មោះព្រែកទី៥ ប្រវែង៩០គីឡូម៉ែត្រ ភ្ជាប់ពីអង្គរបុរី ទៅកំពង់ផែអូរកែវ សម្រាប់ធ្វើពាណិជ្ជកម្មជាមួយលោកខាងលិច ក្នុងនោះមានទាំងចក្រភពរ៉ូម៉ាំ និងឥណ្ឌា។
ដោយឡែក ព្រែកជីកមួយខ្សែទៀត ភ្ជាប់ពីអង្គរបុរី មកកាន់ទន្លេបាសាក់ ដែលមានសក្ដានុពលសម្រាប់ធ្វើពាណិជ្ជកម្មជាមួយលោកខាងកើត ក្នុងនោះមានចិនជាធំ។ បន្ថែមពីនេះ នៅព្រែកជីក៣ខ្សែទៀត ដែលជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ភ្ជាប់ទៅកាន់តំបន់ផ្សេងៗនៅក្នុងប្រទេស ដើម្បីដឹកទំនិញកសិកម្ម បម្រើឲ្យភស្ដុភារកម្មផងដែរ។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ជាការយកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសខ្មែរ ដោយភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពលោក។ បើទោះបី កន្លងទៅកំពង់ផែខេត្តព្រះសីហនុ បានភ្ជាប់ទំនាក់ទំនងជាមួយពិភលោករួចហើយយ៉ាងណាក្ដី ប៉ុន្ដែតាមរយៈព្រែកជីកប្រវត្តិសាស្ដ្រ កាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងតាមផ្លូវទឹកត្រង់តែម្ដង។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ព្រែកជីហ្វូណនតេជោ មិនត្រឹមតែបម្រើឲ្យពាណិជ្ជកម្មអន្ដរជាតិនោះទេ ប៉ុន្ដែបានធានានូវប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្ដ្ររបស់កម្ពុជា សំដៅជំរុញវិស័យកសិកម្មនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ប្រៀបដូចសម័យអាណាចក្រភ្នំនោះដែរ។
សូមជម្រាបថា ការដ្ឋាន «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជាមានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។
គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕