(កណ្ដាល)៖ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង៩៖០៩នាទីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសាងសង់ព្រែកជីកហ្វូនតេជោនេះ គឺដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនរបស់កម្ពុជា។
ពិធីបើកការដ្ឋានព្រែកជីក ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។
នៅចំពោះមុខប្រជាពលរដ្ឋ ជិត២ម៉ឺននាក់, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ធ្វើប្រព័ន្ធនេះ (សាងសង់ព្រែកជីកហ្វូនតេជោ) ដើម្បីលើកកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើន របស់កម្ពុជា នេះគឺជាអ្វីដែលយើងត្រូវធ្វើ»។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងនាំមកនូវការតភ្ជាប់ផ្លូវទឹករបស់កម្ពុជា នឹងជំរុញដល់ការវិនិយោគ និងធ្វើពាណិជ្ជកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាណាចក្រហ្វូណន គឺជាអាណាចក្រដ៏រុងរឿងនៅភាគខាងត្បូងរបស់ចិន។ សម្តេចធិបតី បានបន្ថែមថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងភស្តុភាកម្ម គឺមិនខុសពីការកសាងអាណាចក្រហ្វូណនដ៏រុងរឿងនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា អតីតរាជធានីអង្គបុរី ក្នុងសម័យហ្វូណន មានព្រែកជីកចំនួន៥ បម្រើដល់ការធ្វើពាណិជ្ជកម្មរបស់ហ្វូណន។ សម្តេចធិបតី បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការអនុវត្តន៍តាមចក្ខុវិស័យមេ ដឹកនាំអាណាចក្រហ្វូណន។
លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមបម្រើពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះ តែក៏បម្រើដល់ប្រព័ន្ធធារាសាស្ត្រ ជួយដល់ការស្រោចស្រព ក្នុងវិស័យផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កុំមានការសង្ស័យ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់កម្លាំងសេដ្ឋកិច្ចបន្ថែមដល់កម្ពុជា។
សូមជម្រាបថា ការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ តែជាអកុសលក្នុងរង្វង់សតវត្សរ៍ទី៥ ការចុះអន់ថយនៃអាណាចក្រហ្វូណនបូករួមជម្លោះផ្ទៃក្នុងនៃនគរខ្មែរ ព្រែកជីកហ្វូណន ក៏ត្រូវបានទុកចោលលែងមានការប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។
ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជា មានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ៕