(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុទិដ្ឋិនិយមថា បុព្វបុរសដូនតាខ្មែរសម័យនគរភ្នំ ឬសម័យហ្វូណនពិតជារីករាយជាក់ជាពុំខាន នៅពេលឃើញកូនចៅខ្មែរជំនាន់ក្រោយរួមគ្នាកម្លាំងគ្នាសាងសង់ព្រែកជីករបស់ពួកគាត់ឡើងវិញ (ព្រែកជីកហ្វូណនតេជោ) ដែលជាការបន្តចក្ខុវិស័យរបស់ពួកគាត់ឡើងវិញ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជាទាំងមូល។
គួរជម្រាបថា រាជាណាចក្រភ្នំ ឬហ្វូណន (វ្នំ) គឺជារាជាណាចក្រដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីដើមគ្រិស្ដសករាជមកម្ល៉េះ។ នាបឋមសម័យនោះដែរ បុព្វបុរសខ្មែរបានកសាងព្រែកជីកជាច្រើនខ្សែពីសមុទ្រមកកាន់រាជធានីអង្គរបុរី សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងជាផ្លូវពាណិជ្ជកម្មទៅមកជាមួយពួកឈ្មួញបរទេស។ ព្រែកជីកទាំងនេះបានចូលរួមកសាងរាជាណាចក្រភ្នំប្រកបដោយភាពរុងរឿង ភាពសម្បូរសប្បាយ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយបរទេសជិតឆ្ងាយនានា តាមរយៈការធ្វើពាណិជ្ជកម្ម និងការទូត។ ប៉ុន្តែនៅពេលរាជាណាចក្រភ្នំចុះខ្សោយនិងដួលរលំទៅ ព្រែកជីកទាំងនោះក៏បាត់បង់តួនាទីសំខាន់ លែងមានការប្រើប្រាស់សម្រាប់វិស័យពាណិជ្ជកម្មធំដំតទៅទៀត ព្រោះតែប្រទេសកម្ពុជាមានផ្លាស់ប្ដូរាជធានី និងមានទន្លេធំៗជាផ្លូវពាណិជ្ជកម្មជំនួសវិញ ដូចជាទន្លេមេគង្គ ទន្លេសាបជាដើម។ លុះមកដល់សករាជសន្តិភាពនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានគាស់រំលើងស្ដារព្រែកជីកចាស់តាំងពីសម័យហ្វូណននោះ ដើម្បីស្ដារតួនាទីក្នុងវិស័យដឹកជញ្ជូន និងពាណិជ្ជកម្មឡើងវិញ ក្រោមការប្រសិទ្ធនាមថ្មីថា «ព្រែកជីកហ្វូណនតេជោ»។
នាឱកាសអញ្ជើញបើកការដ្ឋានជាផ្លូវការនូវគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «បុព្វបុរសរបស់យើង២ពាន់ឆ្នាំមុន នឹងសប្បាយរីករាយដែលឃើញកូនខ្មែរជំនាន់ក្រោយ ២០សតវត្សក្រោយ បានរួមគ្នាដើម្បីបន្តចក្ខុវិស័យរបស់គាត់ ដើម្បីបន្តការរីកចម្រើន កសាងហេដ្ឋរចនាសម្ពន្ធផ្លូវទឹកមួយនេះ ដើម្បីជំរុញសេដ្ឋកិច្ច លើកកម្ពស់កិត្យានុភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពកម្ពុជា»។
សម្ដេចធិបតីបានបន្តថា ទោះបីមានអ្នករិះគន់ចំពោះការកសាងព្រែកជីកនេះក៏ពិតមែន តែបើប្រៀបធៀបជាមួយកម្លាំងអ្នកគាំទ្រដ៏ច្រើនលើសលុបនោះ គឺមិនមែនជាបញ្ហារាំងស្ទះនោះទេ។ ការចូលរួមផ្ដល់កម្លាំងចិត្តពីសំណាក់ប្រជាពលរដ្ឋនេះហើយ ដែលសម្ដេចតែងនិយាយថា «ស្មារតីរួមរួបជាតិ» ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តធ្វើគម្រោងព្រែកជីកនេះឱ្យបាន ដែលនេះហើយជាស្មារតីនិងអត្ថន័យនៃគម្រោងព្រែកជីកហ្វូណនតេជោ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមថតរូបក្នុងថ្ងៃបើកការដ្ឋានព្រែកជីកនេះឱ្យបានគ្រប់គ្នា ចាំដល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់នាពេល៥ឆ្នាំក្រោយ សឹមមកជិះទូកលេងកម្សាន្តនៅតាមព្រែកជីកនេះទៅខេត្តតាកែវ ខេត្តកំពត ខេត្តកែបជាដើម។
ម្យ៉ាងទៀត ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដយព្រែកជីកនេះដែរ នៅពេល៥ឆ្នាំក្រោយ តាមបណ្ដោយព្រែកនឹងក្លាយជាសក្ដានុពលសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ សម្រាប់បង្កើតនូវអាជីវកម្មផ្សេងៗ បង្កើនរបរកសិកម្ម ឬឧស្សាហកម្ម ដែលធ្វើឱ្យជីវភាពរស់នៅនឹងប្រែប្រួលរីកចម្រើន។ នេះបើតាមការបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម៕