(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ជាច្រើនខែ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជា​ផ្លូវការ​​ហើយក្រោមសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។

ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច​ចាប់​ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។

ខាងក្រោមនេះ គឺជាព័ត៌មានលំអិតពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ៖

គម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងអតីត​កាលអំឡុងពុទ្ធសករាជឆ្នាំ៥០០ ប្រទេសកម្ពុជាធ្លាប់បានជីកព្រែក​ចំនួនបីខ្សែ ដោយរួមទាំងព្រែកអំបិលផង ភ្ជាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដែលព្រែកទាំងអស់នោះត្រូវបាន​ប្រើ​ប្រាស់យ៉ាងសកម្មសម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលពីតំបន់ទន្លេឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រ និង​ពីតំបន់ឆ្នេរសមុទ្រ ដែលមានអំបិល ឬផលិតផលសមុទ្រជាដើមមកកាន់តំបន់ទន្លេ ព្រមទាំងតភ្ជាប់គ្រប់តំបន់​នៃ​ប្រទេស​កម្ពុជា ដែលភ្ជាប់នឹងបណ្ដាញផ្លូវទឹកទាំងផ្លូវទន្លេ និងផ្លូវសមុទ្រ ទៅកាន់បណ្តាប្រទេសនានាលើសកល​លោក។ ក្នុងសម័យដ៏អស្ចារ្យនោះ អាណាចក្រខ្មែរមានការរីកចម្រើនយ៉ាងខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោ​បាយ ព្រមទាំងមានឈ្មោះបោះសំឡេងល្បីល្បាញថា ជាអាណាចក្រដ៏ធំក្នុងប្រវត្តិសាស្ត្រផងដែរ។

ជាអកុសល ដោយមានសង្គ្រាមផ្ទៃក្នុង រួមនឹងការផ្លាស់ប្ដូររាជធានីជាច្រើនលើកច្រើនសារ ព្រែកជីកទាំងនោះត្រូវ​បានបោះបង់ចោល ដែលបច្ចុប្បន្នព្រែកអំបិលបានទទួលដីល្បាប់ រីងរាក់ មិនអាចប្រើបានដោយសារការខក​ខាន​ប្រើប្រាស់ ថែទាំ និងការជីកស្តារឡើងវិញ។ ព្រែកអំបិល នៅស្រុកកោះធំ ខេត្តកណ្តាល ជាភស្តុតាងនៃការបន្សល់​ទុកប្រវត្តិនៃការប្រើប្រាស់ព្រែកក្នុងអតីតកាលនៃព្រះរាជាណាចក្រកម្ពុជា ដោយនាវាបានដឹកជញ្ជូនអំបិលពី​សមុទ្រ​​មកកាន់តំបន់នានានៅតាមដងទន្លេតាមច្រកព្រែកអំបិលនេះ។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​សម្រេច​ឯកភាពទទួលយកគម្រោងរៀបចំផ្លូវនាវាចរណ៍ព្រែកអំបិលឡើងវិញ។ ក្នុងពេលនោះ សម្តេចតេជោ បានប្រសិទ្ធនាមព្រែកជីកនេះថា «ព្រែកជីកហ្វូណនតេជោ» ដើម្បីផ្សារភ្ជាប់ ប្រវត្តិសាស្ត្ររបស់​ប្រទេសកម្ពុជា​ពីអតីតកាលរហូតមក។

ព្រែកជីកហ្វូណនតេជោ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ផ្លូវទឹករវាងប្រព័ន្ធទន្លេ និងសមុទ្រនៅក្នុងដែនដី នៃព្រះ​រាជា​ណាចក្រកម្ពុជាសម្រាប់ទ្រទ្រង់ដល់ការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរនៅក្នុងប្រទេស ឬរវាងផ្នែកឧត្តរ និង​និរតីនៃប្រទេស និងរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឯនាយសមុទ្រ។ នៅផ្នែកឧត្ដរ ប្រព័ន្ធផ្លូវទឹកទន្ល ត្រូវបម្រើដល់ការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលពីតំបន់ខ្ពង់រាបនៃខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌល​គិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តប៉ៃលិនជាដើម និងតំបន់ទំនាប កណ្តាល​ជាបណ្តាខេត្តដែលនៅជាប់ផ្ទាល់នឹងប្រព័ន្ធផ្លូវទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ តាមច្រកកំពង់ផែតូចៗ​នៅតាមបណ្តាខេត្តទាំងនោះ និងកំពង់ផែស្វយ័តភ្នំពេញ (បច្ចុប្បន្ន មានកំពង់ផែដែលស្ថិតនៅ តាមទន្លេចំនួន ៨៨) ដើម្បីបន្តទៅកាន់កំពង់ផែនានានៅតាមតំបន់ឆ្នេរសមុទ្រ (បច្ចុប្បន្ន មានកំពង់ផែ ដែលស្ថិតនៅតាមតំបន់​ឆ្នេរសមុទ្រចំនួន ៣១) ជាពិសេសអាចផ្ទេរទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅនៃកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីដឹកបន្តទៅកាន់ប្រទេសឯនាយសមុទ្រ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែដែលធំជាងគេបំផុតសម្រាប់ប្រទេសកម្ពុជា ដែលបានកសាងឡើង​នៅ​ក្នុងអំឡុងឆ្នាំ១៩៦៤ និងបានបន្តស្តារ និងអភិវឌ្ឍជាបន្តបន្ទាប់ចាប់ពីក្រោយថ្ងៃរំដោះចេញពីរបប ប្រល័យពូជ​សាសន៍ប៉ុលពត។ រាជរដ្ឋាភិបាលបានកំណត់គោលដៅច្បាស់លាស់នៅក្នុងការអភិវឌ្ឍកំពង់ផែនេះ ឱ្យ ក្លាយទៅ​ជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលភស្តុភារកម្ម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានរៀបចំរួចរាល់នូវផែន​ការ​ច្បាស់​លាស់ក្នុងការអភិវឌ្ឍកំពង់ផែនៅតាមប្រព័ន្ធទន្លេ និងនៅតាមតំបន់សមុទ្រ ហើយដែលត្រូវភ្ជាប់ រវាងគ្នា​ជាមួយព្រែកជីកហ្វូណនតេជោនេះផងដែរ។

ព្រែកជីកហ្វូណនតែជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ជាតម្រាយផ្លូវទឹក ធម្មជាតិ​ប្រមាណ ១៣៥គីឡូម៉ែត្រ ហើយក្នុងនោះ ប្រវែង់ប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និង​ប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយការកោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោង​សាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្ត​គោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើក កម្ពស់សុខ​ដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់​ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ។

+ គោលបំណងជាក់លាក់ រួមមាន៖

* ធ្វើសមាហរណកម្មបណ្តាញផ្លូវទឹកអន្តរតំបន់នៅកម្ពុជារវាងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គទៅជាប្រព័ន្ធ​ផ្លូវទឹកប្រទាក់ក្រឡា ដើម្បីបម្រើឱ្យប្រព័ន្ធភស្តុភារកម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

* ពង្រីកសក្តានុពលនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក រួមជាមួយនឹងការលើកកម្ពស់ការប្រើប្រាស់​ទឹក​សម្រាប់ ពហុវិស័យ និងពហុបំណងក្នុងតំបន់នានារបស់ប្រទេសឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំង ជួយសម្រួលដល់ការងារដឹកជញ្ជូន និងចែកចាយផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម ទេសចរណ៍ និងជួយពង្រីកទិសដៅពាណិជ្ជកម្មទៅកាន់​ភាគ​និរតី​​នៃប្រទេសកម្ពុជា

* លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរការដឹកជញ្ជូនធុនធ្ងន់ ដែលមានបរិមាណច្រើនពីផ្លូវ​គោកទៅ​ជាការដឹកជញ្ជូនតាមផ្លូវទឹកវិញ

* ធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើមនៃសេវាកម្មភស្តុភារកម្ម ជំរុញ​ការ​អភិវឌ្ឍពហុវិស័យរួមមាន៖ កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និង​នគរូបនីយកម្មទីក្រុងជាដើម ការបង្កើតមុខរបរនិងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយ​ផល​ប៉ះពាល់ ពីគ្រោះរាំងស្ងួតនិងទឹកជំនន់។

ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងនេះ ត្រូវបានប្រើប្រាស់រយៈពេលសរុប ២៦ខែ ហើយបាន​បញ្ចប់របាយការណ៍សិក្សាបច្ចេកទេសទាំងស្រុងនាខែមេសា ឆ្នាំ២០២៣។ គម្រោងនេះត្រូវបាន​ចូលរួម​អនុវត្តការងារ សិក្សាស្រាវជ្រាវ ដោយក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់របស់ភាគី​ចិនសរុប​ចំនួន ៤៨នាក់ ដែលក្នុងនោះ មានកម្រិតជំនាញជាសាស្ត្រាចារ្យមហាបរិញ្ញាវិទ្យា​សាស្ត្រ​ចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោក ចំនួន ៣០នាក់ និងកម្រិតវិស្វករ​ចំនួន ៧នាក់ ដែលសុទ្ធសឹងមានជំនាញ និងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្ម សំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្ត្រ បរិស្ថាន សេដ្ឋកិច្ច សង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស និងគ្រប់វិស័យដែលពាក់ព័ន្ធ។

គម្រោងនេះត្រូវបានសិក្សាយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដោយមានការ​សិក្សា​វិភាគ និងវាយតម្លៃយ៉ាងច្បាស់លាស់លើ៖ ១) ទីតាំងភូមិសាស្ត្រដោយប្រើប្រាស់បច្ចេក​វិទ្យាដូន និងរូបភាពពីផ្កាយ រណប, ២) ផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចដោយប្រើឧបករណ៍​ម៉ូដែលវិភាគសេដ្ឋកិច្ចរបស់ ADB និងផល ប៉ះពាល់ផ្សេងៗទៀតដោយប្រើប្រាស់ប្រព័ន្ធព័ត៌មាន​ភូមិ​សាស្ត្រ (GIS), ៣)បញ្ហាជលសាស្ត្រ និងកករដី ដោយប្រើឧបករណ៍ម៉ូដែលជលសាស្ត្រ​ទំនើប (MIKE Plus 2023) និង ៤) ការធ្វើ Simulation លើ ចលនាបម្រែបម្រួលនៃកម្ពស់​ទឹក​ក្នុងតំបន់ ផ្អែកលើព័ត៌មានចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣ ដើម្បីធានាឱ្យ​បាន​​​ថា ​គម្រោងនេះ​នឹងមិនមានផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជិតខាង។

+ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក
ការសិក្សាបានធ្វើឡើងលើតម្រាយផ្លូវទឹកប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម​ពីព្រែក​តាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម​ព្រែកតាហ៊ីង​ នៃ​ទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន​៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើ​ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ម៉ែត្រ និងជម្រៅទឹក ៥,៤ម៉ែត្រ (នាវា មានជម្រៅទឹក ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) ចែកជា ២គន្លង សម្រាប់នាវាចូល និងចេញ ចៀសគ្នាបានដោយសុវត្ថិភាព។ ជម្រៅទឹក ៥,៤ម៉ែត្រនេះ គឺ ជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូ នៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុង រយៈ​ពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេ និងសមុទ្រ។ ដូចនេះហើយ ដើម្បីធានាឱ្យបាននូវជម្រៅទឹកយ៉ាងទាបបំផុត ៥,៤ម៉ែត្រ ទាំងក្នុងរដូវប្រាំង និងរដូវវស្សាទាមទារឱ្យយើងធ្វើការជីកពីផ្ទៃដីខាងលើ ដោយនៅតំបន់ខ្លះ ២០ម៉ែត្រ ឬរហូតទៅដល់ ៣០ម៉ែត ទើបអាចសម្រេចបាននូវជម្រៅទឹក ៥,៤ម៉ែត្រនេះ ជាកម្រិតជម្រៅទឹកអប្បបរមា រីឯរដូវវស្សាជម្រៅទឹកអាចឡើងរហូតដល់ជាង១០ ឬ១៥ម៉ែត្រ។ ប្រភេទនាវាប្រើប្រាស់ស្តង់ដារគណៈកម្មការទន្លេមេគង្គ-MRC មាន ទម្ងន់ផ្ទុក ១ ០០០តោន និងប្រភេទនាវាប្រើប្រាស់ស្តង់ដារប្រទេសចិនមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០តោន អាចអនុញ្ញាតឱ្យធ្វើប្រតិបត្តិការគ្រប់ពេលវេលា។​ គម្រោងនេះនឹងប្រើប្រាស់​រយៈពេល​សាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ។

+ លទ្ធផលលម្អិតនៃការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងព្រែកជីកហ្វូណនតេជោ រួមមាន៖
១៖ ព្រែកជីកនេះ ត្រូវមានសន្ទះផ្លូវទឹក ៣កន្លែង មួយកន្លែងស្ថិតនៅខេត្តកណ្តាល មួយ​កន្លែង​ស្ថិតនៅ ខេត្តតាកែវ និងមួយកន្លែងទៀតស្ថិតនៅខេត្តកែប ដើម្បីធានាទប់ស្កាត់ការ​ជ្រៀត​ចូលនៃទឹកប្រៃជាយថាហេតុ ទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្រ បានផងដែរ។

២៖ ក្នុងរដូវប្រាំង ប្រសិនបើបិទសន្ទះផ្លូវទឹក ១០០% ក្នុងមួយថ្ងៃ នោះកម្រិតទឹកនៅនឹងដដែលដោយមិនអាចបណ្តាលឱ្យប្រែប្រួលរំហូរទឹកនោះទេ ក៏ប៉ុន្តែករណីទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០% (២១/២៤ម៉ោង) ក្នុងមួយថ្ងៃ នោះព្រែកជីកនេះអាចត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង២% ប៉ុណ្ណោះពីដៃទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។ ក្នុងករណីមានបម្រែ​បម្រួល​អាកាសធាតុធ្ងន់ធ្ងរ នោះអាចនាំឱ្យតម្រូវការ ប្រើប្រាស់ទឹកកម្រិតអតិបរិមាត្រឹមតែ៤% ប៉ុណ្ណោះពីដៃទន្លេ និងព្រែកធម្មជាតិ។ ដោយឡែក ចំពោះរដូវវស្សាវិញ ព្រែកជីកនេះនឹង​មិនចាំ​បាច់ត្រូវការប្រើប្រាស់ទឹកនោះទេ ហើយនឹងមានតួនាទីពិសេសមួយទៀតនោះ​គឺជួយរំដោះ ជំនន់ទឹកភ្លៀង ឬជំនន់ប្រចាំឆ្នាំ ពីតំបន់ទំនាបលិចទឹកនៃខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។

៣៖ ព្រែកជីកនេះមិនបង្កផលប៉ះពាល់អវិជ្ជមានលើផ្នែកបរិស្ថានក្នុងប្រទេស ឬឆ្លងដែនទៅ​ប្រទេស​ជិតខាងបានឡើយ។ ផ្ទុយទៅវិញ ព្រែកជីកនេះនឹងជួយរក្សាលំនឹងបរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និងបង្កើតជម្រកជីវៈចម្រុះ ដែលមានសារប្រយោជន៍សម្រាប់ការកកើត​នៃពពួក​វា​រីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេស អាចបង្កើតផលិតផលត្រីជា​មធ្យម​ប្រមាណ ១,០០០តោន ក្នុងមួយឆ្នាំ ដែលបង្កភាពអនុគ្រោះដល់ប្រជាជន រស់នៅអម​សងខាង និងអាស្រ័យផលជាប្រចាំតាមបណ្តាញផ្លូវទឹកនេះ។ លើសពីនេះ ព្រែកជីកនេះ​ក៏ជួយ​កាត់ បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរិមា សម្រាប់​ខេត្តភាគខាងកើត និងភាគ និរតីរបស់កម្ពុជាផងដែរ។

៤៖ ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយផ្លូវប្រមាណ ១៩៦គីឡូម៉ែត្រ (ធៀបចម្ងាយ​រវាង​កំពង់ផែស្វយ័ត ភ្នំពេញ-កំពង់ផែកែម៉េបប្រទេសវៀតណាម និងកំពង់ផែស្វយ័ត​ភ្នំពេញ​-កំពង់​​ផែពហុបំណងកំពត) កាត់បន្ថយថ្លៃដើមដឹកជញ្ជូនបានច្រើន មិនតម្រូវឱ្យមានការ​អនុវត្តធ្វើបែបបទចូលចេញច្រើនដងនិងស្មុគ្រស្មាញ ព្រមទាំង ចំណេញពេលវេលាដឹក​ជញ្ជូន​បានច្រើនសម្រាប់ការដឹកជញ្ជូន ជាពិសេសទំនិញកសិផលរបស់កម្ពុជា ទៅកាន់​ទីផ្សារអន្តរជាតិ។

៥៖ ព្រែកជីកនេះនឹងជំរុញប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច ជាពិសេសការចំណេញថ្លៃដើមដឹក​ជញ្ជូន​ប្រមាណ ១៧០ដុល្លារអាម៉េរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត (១TEU) និងចំណេញប្រមាណ ២២៣ដុល្លារ អាម៉េរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEU) ដែលទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្ន ប្រមាណ ១៦% ប្រសិនបើការ​ដឹកជញ្ជូនត្រូវបានប្រព្រឹត្តទៅតាមព្រែកជីកហ្វូណនតេជោ។

៦៖ តាមការគណនាប្រៀបធៀបតម្លៃនៃការដឹកជញ្ចូនរវាងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក សម្រាប់​ទំនិញនាំចេញ-នាំចូលពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានបង្ហាញថា ការ​ដឹក​ជញ្ជូនតាមផ្លូវទឹក មានតម្លថោកជាងគេ (សម្រាប់ដឹកជញ្ជូនទំនិញជាកុងតឺន័រ ២០ហ្វីតទៅកាន់គោលដៅដូចគ្នា តាមផ្លូវទឹក ២៨០ដុល្លារអាម៉េរិក ផ្លូវថ្នល់ ៤០១ដុល្លារអាម៉េរិក និងផ្លូវដែក ៣៦១ដុល្លារអាម៉េរិក)។

៧៖ ព្រែកជីកនេះ នឹងផ្តល់អត្រាផលចំណេញសេដ្ឋកិច្ចត្រឡប់មកវិញ (Economic Internal Rate of Return – EIRR) ក្នុងកម្រិតពី ២០% ទៅ ៣១% ជាកម្រិត​មួយខ្ពស់លើសពីអត្រាមធ្យមក្នុងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ (កំណត់ត្រឹម ១២% ប៉ុណ្ណោះជា​អត្រា​ផល​ចំណេញនៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ) ដែលអាចចាត់ថ្នាក់ជាគម្រោងមួយផ្តល់ ផលចំណេញផ្នែកសេដ្ឋកិច្ចជាតិដ៏មហិមាសម្រាប់កម្ពុជា ហើយទន្ទឹមនឹងនោះ ព្រែកជីកនេះនឹងផ្ដល់អត្រាផល ចំណេញហិរញ្ញវត្ថុត្រឡប់មកវិញ (Financial Internal Rate of Return – FIRR) ក្នុងកម្រិតពី ៥,៤% ទៅ ៧,៤% សម្រាប់អ្នកបោះ​ទុនវិនិ​យោគលើគម្រោងនេះ។

៨៖ គម្រោងនេះអាចអនុវត្តបានតាមរយៈការជូនដំណឹងជាផ្លូវការរបស់កម្ពុជាទៅគណៈ​កម្ម​ការទន្លេមេគង្គ (គណៈកម្មាធិការជាតិទន្លេមេគង្គ បានធ្វើរួចហើយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣) ដោយអនុលោមតាមមាត្រា៥ ន កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការ​ប្រើ​ប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួនន បណ្តាប្រទេសជាសមាជិក។

៩៖ ក្រៅពីផលចំណេញនៃការធ្វើនាវាចរណ៍ (នាវា) ព្រែកជីកនេះ​នឹងផ្តល់អត្ថ​ប្រយោជន៍​ជា​ច្រើនផ្សេងទៀត ដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិ​វឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើត​ការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែ​ផ្សេង​ទៀត, ការជំរុញអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញការរីកចម្រើន​ផ្នែកអច​ល​ន​ទ្រព្យជាដើម។

ជារួមតាមលទ្ធផលនៃការសិក្សាលើគ្រប់ទិដ្ឋភាពនៃលក្ខណៈបច្ចេកទេសផ្លូវទឹក គម្រោង​សាង​សង់ ព្រែកជីកហ្វូណនតេជោនេះមិនបង្កផលប៉ះពាល់អាក្រក់ដល់ផ្នែកបច្ចេកទេស បរិស្ថាន សេដ្ឋកិច្ច ឬសង្គម ទាល់តែសោះ ក៏ប៉ុន្តែបង្កើតនូវបរិយាកាសប្រសើរសម្រាប់ការ​វិនិយោគ ការអភិវឌ្ឍរីកចម្រើន និងប្រព័ន្ធអេកូឡូស៊ី ដ៏ពិសិដ្ឋថែមទៀត។

+ ការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោ

គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានប្រភពទុនវិនិយោគពីសហគ្រាសសា​ធារ​ណៈ ក្នុងស្រុក និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
និងក្រុមហ៊ុនការផ្តល់ទុនវិនិយោគសម្រាប់សាងសង់ព្រែកជីកហ្វូណន​តេជោ ចែកចេញជា​ពីរ​ផ្នែកគឺ ផ្នែកទី១ ជា កំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូ​ម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លបាសាក់ត្រង់ចំណុចព្រែក​ពោធិ៍-សមុទ្រ​ខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។

+ ផែនការ និងគម្រោងអភិវឌ្ឍន៍ក្នុងក្របខណ្ឌគម្រោងព្រែកជីកហ្វូណនតេជោ

ផែនការមេសម្រាប់ការអភិវឌ្ឍពហុវិស័យនៃគម្រោងព្រែកជីកហ្វូណនតេជោ រួមមាន៖ កំពង់​ផែយុទ្ធសាស្ត្រ ១កន្លែង, កំពង់ផែរណប ៥កន្លែង, កំពង់ផែទេសចរណ៍ ១៥កន្លែង, តំបន់សេដ្ឋកិច្ចពិសេស ៦កន្លែង, មជ្ឈមណ្ឌល ភស្តុភារកម្ម ៣កន្លែង, ផ្លូវអមសងខាង​ព្រែក​ជីក​ចម្ងាយ ២០៨គីឡូម៉ែត្រ, តំបន់សម្រាប់ការ អភិវឌ្ឍនគរូបនីយកម្មទីក្រុង បុរីទំនើប និងអគារពាណិជ្ជកម្មចម្រុះ, យានដ្ឋាននាវា ៣កន្លែង, ការវិនិយោគលើការ​តភ្ជាប់​ខ្សែដឹកជញ្ជូនទេសចរណ៍ក្នុងតំបន់ខេត្តកណ្តាល តាកែវ កំពត និងកែប, ការអភិ​វឌ្ឍ និងធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រ កន្លែងធ្វើកសិកម្ម ជលផល និងការ​ចញ្ចឹម​សត្វ​ជាដើម ដែលគម្រោងអភិវឌ្ឍន៍ ទាំងអស់នេះ សុទ្ធសឹងតែជាគម្រោងវិនិយោគដែលមាន​សក្តា​នុពលខ្ពស់ ហើយក៏ជាគម្រោងដែលនឹងផ្តល់ អត្រានៃផលចំណេញត្រឡប់ផ្នែក​ហិរញ្ញ​វត្ថុ និងសេដ្ឋកិច្ចខ្ពស់ផងដែរ។

+ ការកំណត់ទិសដៅនការវិនិយោគ និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក

ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងទស្សនៈវិស័យ​រួម​នៃការអភិវឌ្ឍ គប្បីត្រូវជំរុញការ អភិវឌ្ឍបណ្តាញផ្លូវទឹក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំង​អស់​របស់កម្ពុជាជាមួយរាជធានី ទីក្រុង ទីប្រជុំជន តំបន់ជនបទ តំបន់ផលិតកម្មកសិកម្ម និងតំបន់ឧស្សាហកម្មទៅសមុទ្រតាមរយៈព្រែកជីកហ្វូណនតេជោ ជាមួយគោលដៅ​សំខាន់​ៗ​មួយចំនួនជាអាទិ៍៖

១៖ ជំរុញការតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេមេជាមួយដៃទន្លេ បឹង ស្ទឹង ព្រែកប្រឡាយ ដើម្បីភ្ជាប់សហគមន៍ទីក្រុង ជនបទ និងសហគមន៍តាមដងទន្លេព្រែក ទៅកាន់តំបន់​ផលិត​​កម្មកសិកម្ម និងទេសចរណ៍ទៅកាន់សមុទ្រ។

២៖ ពង្រីកសមត្ថភាព និងគុណភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកបច្ចុប្បន្ន ឱ្យប្រែក្លាយជា​ឧស្សាហកម្ម ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ។

៣៖ បង្វែរការដឹកជញ្ជូនធុនធ្ងន់ពីផ្លូវគោកមកការដឹកជញ្ជូនតាមផ្លូវទឹកវិញ ដើម្បីកាត់បន្ថយ​ការ​ខូចខាត ផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចំរាចរណ៍ តម្លៃដឹកជញ្ជូន និងជា​ពិសេ​សកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់។

៤៖ អភិវឌ្ឍ និងធ្វើទំនើបកម្មនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងជំរុញការពង្រីកបណ្តាញតភ្ជាប់រវាងការដឹកជញ្ជូន​តាមផ្លូវទឹក និងការដឹកជញ្ជូន ពហុមធ្យោបាយផ្សេងទៀត៕